(ភ្នំពេញ)៖​​ ក្នុងពិធីជប់លៀងឆ្លងឆ្នាំ និងចាប់រង្វាន់ធំប្រមាណជាង២ម៉ឺនដុល្លារ កាលពីយប់ថ្ងៃទី៣១ ធ្នូ របស់ក្រុមហ៊ុនមីហិរសេអ៊ូល៧យ៉ាង នៅភោជនីយដ្ឋានទន្លេបាសាក់២ក្បាលថ្នល់ តារា៣ដួងរួមមាន នាយ ងួន សុបិន្ត លោក BIG និងតារាចម្រៀងលោក មង្គល ទីណា ត្រូវគេឃើញបង្ហាញខ្លួន នៅក្នុងពិធីនោះក្នុងតំណែងជាពិធីករចាប់ឆ្នោត និងជាតារាចម្រៀង។ អ្វីដែលគេកត់សម្គាល់ថា គឺតារាទាំង៣សុទ្ធតែបានប្រកាសថា ខ្លួននឹងសិក្សាពីគម្រោងបើកហាងលក់មីហិរយីហោនេះ ដើម្បីទប់នឹងការងារសិល្បៈ ដែលមិនអាចឈានឡើងអោយខ្ពស់ជាងនេះទៀតបាន។

​ពិធីករ និងជាតារាសម្ដែង លោក BIG និយាយថា លោកល្មមនឹងដល់ពេលលោកត្រូវសម្លឹង មើលអាជីវកម្មមួយ ហាងមួយដើម្បីពង្រីកប្រាក់ចំណូលរបស់ខ្លួនហើយ ដោយលោកយល់ថា ការបើកជំនួញមីហិរស៊េអូល៧យ៉ាង គឺជាអ្វីដែលលោកចាប់អារម្មណ៍។ ​អាជីវកម្មហូបចុកបែបនេះ ងាយស្រួលនឹងធ្វើឲ្យលោកមិនប្រឈមខាតបង់ និងមិនបោះទុនច្រើននោះទេ ខណៈដែលយីហោហាងនេះ ក៏មានការពេញនិយមស្រាប់ ដែលមិនពិបាកភ័យរឿងបើកហើយបិទវិញ។

តារាសម្ដែង ងួន សុបិន្ត និយាយថា លោកចង់ក្លាយជាម្ចាស់ហាងហូបចុក បែបនេះជាយូរមកហើយ ដោយលោកបានចាត់ទុកឱកាស បានក្លាយជាពិធីករក្នុងកម្មវិធីចាប់ឆ្នោត របស់ក្រុមហ៊ុនមីហិរសេអ៊ូល៧យ៉ាង នឹងធ្វើឲ្យលោកកាន់តែស្គាល់ជិតស្និទ្ធជាមួយម្ចាស់ហាង ហើយអាចសិក្សាពីដំណើរការអាជីវកម្ម បានយ៉ាងរលូនក្នុងពេលដ៏ខ្លី។ ​នេះជាមុខរបរហូបចុកដែលនរណា ក៏ចាប់អារម្មណ៍ ហើយដើម្បីអាចសម្រេចនូវគោលបំណងនេះ គឺលោកនឹងសិក្សាពីដំណើរការបើកហាងឲ្យបានកាន់តែឆាប់។ យ៉ាងណាមិញ លោកថា ពេលវេលាពិតប្រាកដនៅមិនទាន់ដឹងទេ ដោយគ្រាន់តែលោកដឹងថា នឹងអាចសិក្សាក្នុងពេលឆាប់ ដើម្បីមានហាងហូបចុកមួយជារបស់ផ្ទាល់ខ្លួនប៉ុណ្ណោះ។

មិនខុសគ្នាដែរ តារាចម្រៀង លោក មង្គល ធីណា តារាចម្រៀង ថោន បានអះអាងថា លោកស្រឡាញ់អាជីវកម្មបែបនេះ ជាយូរមកហើយ ដោយសារតែពេលន្លងមកលោក ក៏មានមិត្តភ័ក្រ្តដំណើរការហាងនេះ ហើយទទួលបានជោគជ័យយ៉ាងខ្លាំង។ លោកថាមុខរបរមីហិរសេអ៊ូល៧យ៉ាង គឺជាអាហារដែលបងប្អូនខ្មែរ ភាគច្រើនចូលចិត្ត ដូច្នេះឲ្យតែបើកត្រូវចំបរិយាកាសល្អ គឺងាយស្រួលខ្លាំងណាស់ សម្រាប់ជោគជ័យ ជាពិសេសសម្រាប់ផលចំណេញ។

​នៅក្នុងពិធីនោះ​ លោក អ៊ឹម លី ម្ចាស់ក្រុមហ៊ុនមីហិរសេអ៊ូល៧យ៉ាង ក៏បានថ្លែងបញ្ជាក់ថាដែរ មកទល់រយៈពេល២ឆ្នាំដែលលោកទិញសិទ្ធិដំណើរការ អាជីវកម្មនេះ ហាងមីហិរមានសាខាចំនួន៧០កន្លែងហើយ ដោយគម្រោងនឹងទិញសិទ្ធិភេសជ្ជៈ ឆប់ឆាហ៍ មកដាក់ក្នុងហាងនៅគ្រប់សាខាបន្ថែមទៀត ចាប់ពីឆ្នាំ២០១៩តទៅ ដែលមានន័យថា ក្រៅពីភ្ញៀវអាចទទួលទានមីហិរយ៉ាងឆ្ងាញ់របស់កូរ៉េ ក៏បានទទួលទានភេសជ្ជៈឆប់ឆាហ៍ ដែលជាប្រេនល្បីល្បាញរបស់ថៃ ក្នុងហាងតែមួយ។ យ៉ាងណាមិញ លោកបានប្រកាសថា គ្រប់បណ្ដាហាងមីហិរដែលមិនមានយីហោ មីហិរសេអ៊ូល៧យ៉ាង គឺមិនមែនជាសាខារបស់ខ្លួនឡើយ។

លោក អ៊ុច រ៉ូម៉ា ម្ចាស់ហាង និងលោក សួម វីរ៉ាដេត ​តំណាងភេសជ្ជៈឆប់ឆាហ៍ បានថ្លែងបញ្ជាក់ស្របគ្នាថា ចាប់ពីឆ្នាំ២០១៩​តទៅ ហាងឆប់ឆាហ៍ នឹងមានសាខាសរុបទាំងអស់​ជាង៩០កន្លែង ដោយសារតែមុនកុងត្រាចាប់ដៃជាមួយហាង មីហិរសេអ៊ូល៧យ៉ាង ខ្លួនមានសាខាចំនួន២៥ទីតាំងហើយ នៅទូទាំងប្រទេស៕