(មេនឆេស្ទើ)៖ ក្លឹបបិសាចក្រហម Manchester United រកបាន ៣ពិន្ទុបន្ថែមក្រោយពីបានយកឈ្នះក្លឹប AFC Bournemouth 4-1 ក្នុងការប្រកួតសប្តាហ៍ទី២០​ នៃជើងទី២ បានបន្តដំណើរយ៉ាងរលូនឡើងមកឈរលេខរៀងទី៦ក្នុងតារាង Premier League 2018-19 ក្រោមការដឹកនាំរបស់គ្រូថ្មី Ole Gunnar Solskjaer ដែលប្រជែងធ្វើនៅកីឡដ្ឋាន Old Trafford នៅថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០១៨។

កីឡាករសញ្ជាតិបារាំង Pogba រកបាន ២គ្រាប់នៅនាទី ទី៥ និង៣៣ ខណៈកីឡាករវ័យក្មេង Rashford រកបាននៅនាទីទី ៤៥និងខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Lukaku បំប៉ោងសំណាញ់ទីបាននៅនាទីទី ៧២ ដោយឡែកក្រុមភ្ញៀវវិញរកបាន១គ្រាប់វិញដោយខ្សែការពារ Nathan Aké នៅនាទីទី ៤៥+២។

ការប្រកួតកំពុងតែស្វិតស្វាញនៅនាទីទី៧៩ កីឡាករខ្សែការពា Bailly ត្រូវលោកកណ្តាលផ្តល់កាតក្រហមបណ្ដេញចេញពីការប្រកួត ប៉ុន្តែការអវត្តមានរបស់គេមិនបានធ្វើឲ្យលទ្ធផលមានការប្រែប្រួលឡើយ យ៉ាងណាតារាស្បែកខ្មៅសញ្ជាតិកូតឌីវ័រនឹងអវត្តមានប្រកួតបន្ទាប់នៅពេលក្លឹប Man United ដែលជាអតីតក្រុមជើងឯកលីគអង់គ្លេស ២០សម័យកាលសង្ឃឹមបាន ៣ពិន្ទុទៀតដោយត្រូវប្រឈមមុខជាមួយក្លឹប Newcastle United នៅសប្តាហ៏ទី ២១ នាថ្ងៃទី ៣ ខែមករា ឆ្នាំ២០១៩ ខាងមុខ៕