(ភ្នំពេញ)៖​ គណៈកម្មការរៀបចំសកម្មភាពកីឡា ដើម្បីអបអរសាទរពិធីសម្ពោធវិមានអនុស្សាវរីយ៍ឈ្នះឈ្នះ និងខួប ២០ឆ្នាំ នៃនយោបាយឈ្នះឈ្នះ បញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា របស់សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្តជាខ្លាំង ចំពោះវត្តមានរបស់បងប្អូនប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ បានចូលរួមកម្សាន្ដជាមួយព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្ររយៈពេល ៣ថ្ងៃ និងឈានចូលថ្ងៃទី០៤ នាថ្ងៃទី៣១ ខែធ្នូនេះ ពិសេសសកម្មភាពកីឡា ដែលទទួលបានការទាក់ទាញ និងការគាំទ្រជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានថ្លែងថា គិតត្រឹមល្ងាចថ្ងៃទី៣០ ខែធ្នូម្សិលមិញ គ្រប់ប្រភេទកីឡា ដែល NOCC បានរៀបចំការប្រកួត និងសម្ដែងជូនភ្ញៀងជាតិ-អន្ដរជាតិទស្សនាកម្សាន្ដ ក្នុងឱកាសអបអរសាទរពិធីសម្ពោធវិមានឈ្នះឈ្នះ សុទ្ធតែទទួលបានប្រជាប្រិយភាព និងការគាំទ្រពីមហាជន ទាំងប្រភេទកីឡាជំនាញ និងកីឡាមហាជន រហូតមានប្រជាពលរដ្ឋមួយចំនួនធំ បានចូលរួមប្រកួតកម្សាន្ដ ដោយទឹកចិត្តសប្បាយរីករាយ និងបន្សល់នូវអនុស្សាវរីយ៍ជាច្រើនទៀតផង ។

យ៉ាងណាមិញសកម្មភាពកីឡា នៅមិនទាន់បញ្ចប់នោះទេ ពោលគឺនឹងបន្ដរៀបចំ រហូតដល់រាត្រីឆ្លងឆ្នាំ នាយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ឈានចូលរាត្រីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ យប់នេះ ដូចជាការប្រកួតប្រដាល់គុនខ្មែរកម្រិតជើងឯកពិភពលោក ដែលបានរៀបចំការប្រកួត ៤ថ្ងៃពេញ ការប្រកួតកីឡាចំបាប់បុរាណខ្មែរ ក៏ដូចជាការសម្ដែងពីក្រុមកីឡាយុទ្ធសិល្ប៍ជាច្រើនទៀត ។ ប៉ុន្ដែនៅថ្ងៃទី៣១ ខែធ្នូនេះ ក៏មានការរៀបចំនូវកម្មវិធីកម្សាន្ដចម្ងាយ ៣គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និង ១០គីឡូម៉ែត្រ ដោយមានការចូលរួមពីមហាជនជិត ៥០០នាក់ផងដែរ ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន ។

គួរបញ្ជាក់ថា ដោយទទួលបានការគាំទ្រ និងពេញចិត្តពីរាជរដ្ឋាភិបាល ក្នុងការផ្ដល់ភារកិច្ចរៀបចំសកម្មភាពកីឡាដល់ NOCC ស្ថាប័នកីឡាកំពូលនេះ បានរៀបចំនូវសកម្មភាពជាង ១០ប្រភេទឯណោះ ដើម្បីអបអរសាទរពិធីសម្ពោធវិមានឈ្នះឈ្នះ និងខួប ២០ឆ្នាំនៃនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងនោះមានដូចជាកីឡាប្រដាល់គុនខ្មែរ ល្បុក្កតោ ចំបាប់បុរាណ ប្រណាំងក្របី ប្រណាំងសេះ រត់កម្សាន្ដ ជិះកង់ បាល់ទះឆ្នេរខ្សាច់ កីឡាបុរសខ្លាំង អុកចត្រង្គ និងកីឡាបុរាណ-ទំនើបជាច្រើនទៀត ដែលបានរៀបចំពេញ ៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ រហូតដល់រាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នេះ ៕