(ភ្នំពេញ)៖ ទស្សនិកជន ដែលតាមដានវិស័យសិល្បៈប្រាកដជាស្គាល់ តារាចម្រៀងប្រុសលោក សាន ផានិត ច្បាស់ហើយ ព្រោះលោកបានប្រឡូកក្នុងវិស័យសិល្បៈជិត ៣ទស្សវត្សរ៍មកហើយ។ តែយ៉ាងណា ការចូលប្រឡូកក្នុងនេះសិល្បៈរបស់លោក សាន ផានិត ហាក់រអាក់រអួលយ៉ាងខ្លាំង មានន័យថា បាត់មុខពីវិស័យចម្រៀងជាង១០ឆ្នាំ ក៏ចូលមកវិញ ល្បីមួយប្រាវតាមរយៈបទ «ជាប់រវល់» ហើយក៏បាត់មុខទៅវិញ។ តើមូលហេតុអ្វី បានជាដំណើរជីវិតក្នុងវិស័យសិល្បៈ របស់លោក សាន ផានិត ទៅជាបែបនេះ?

ជាក់ស្តែង ថ្លែងតាមរយៈបទសម្ភាសន៍ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» លោក សាន ផានិត បានបង្ហាញប្រាប់ពីដំណើរជីវិតរបស់លោក យ៉ាងដូច្នេះថា មួយរយៈពេលធំ ប្រហែលជាង ១០ ដែលលោកបាត់ខ្លួនពីសិល្បៈ ព្រោះកាលណោះ លោកចេញទៅសម្តែង នៅទឹកដីសហរដ្ឋអាមេរិក ហើយក៏រស់នៅទីនោះ និងឆ្លៀតឱកាសបានសិក្សាផ្នែកជំនួញនៅទីនោះ២ឆ្នាំផងដែរ ដោយទទួលបានបរិញ្ញាប័ត្ររង។ ដោយធុញទ្រាន់ នឹងការរស់នៅទីនោះ ទើបលោក សម្រេចចិត្តវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីស្វាគមន៍អ្នកគាំទ្រជាថ្មី តាមរយៈបទចម្រៀងដ៏ល្បីល្បាញខ្លាំង គឺបទ «ជាប់រវល់»។ ចំពោះលោក សាន ផានិត ផ្ទាល់ក៏បានបញ្ជាក់ដែរថា ស្ទើរមិនគួរឱ្យជឿនោះទេ ថាបទរបស់លោកផ្ទុះខ្លាំង កាលអំឡុងឆ្នាំ ២០០៤ នោះ ព្រោះលោកបានបាត់មុខ ស្ទើរតែទស្សនិកជនហៅលេងឮទៅហើយ។

តារាចម្រៀងប្រុសលោក សាន ផានិត បានបង្ហាញដល់ទស្សនិកជនបន្ថែមថា «ល្បីមួយប្រាវក្នុងបទ «ជាប់រវល់» លោកក៏បាត់មុខទៅវិញយ៉ាងយូរម្តងទៀត ដោយសារលង់ខ្លួនយ៉ាងជ្រៅ ក្នុងពិភពដ៏ងងឹត គឺលោកបានប្រើប្រាស់គ្រឿងញៀន ដើរត្រាច់ចរ គ្រប់ទិសទី ក្នុងពិភពគ្រឿងញៀន បើនិយាយឱ្យស្រួលស្តាប់ សឹងតែបាត់បង់សតិទៅហើយ»។

លោកសង្កត់ធ្ងន់ថា «ជានិស្ស័យល្អ បានធ្វើឱ្យលោក ជួបនារីម្នាក់ ដែលជាភរិយារបស់លោកបច្ចុប្បន្ន នារីម្នាក់នោះ ក៏ជាហ្វេនផ្កាប់មុខរបស់លោកដែរ ហើយក៏ឃើញលោក ស្គាល់លោក នាំលោកទៅបួសនៅវត្តមួយកន្លែង រហូតសឹកមកវិញ រៀបការជាមួយគ្នា។ ដោយសារភាពកក់ក្តៅពីគ្រួសារ សុភមង្គលពិតប្រាកដបានពីកូន និងភរិយា ទើបធ្វើឱ្យលោក មានការគិតជាថ្មី កែប្រែខ្លួន ថានឹងត្រូវធ្វើខ្លួនឱ្យ តម្លៃសម្រាប់គ្រួសារនិងសង្គម រហូតមានមុខមាត់ និងមុខរបរសារជាថ្មីម្តងទៀត ក្នុងវិស័យសិល្បៈដូចបច្ចុប្បន្ន»

ទាំងនេះ អាចនិយាយបានថា ជាបទពិសោធអាក្រក់មួយក្នុងជីវិតរបស់លោក សាន ផានិត ដែលដើរផ្លូវខុសប្រើប្រាស់គ្រឿងញៀន មានមិត្តភ័ក្តខុស តែលោក អាចកែប្រែខ្លួនឡើងវិញ ធ្វើជាមនុស្សល្អក្នុងសង្គម ខណៈការបង្ហាញប្រាប់ដល់ទស្សនិកជនទាំងនេះ ប្រៀបបាននឹងសារដ៏ពិសេសមួយ ដល់យុវវ័យដែល ជ្រុលដើរផ្លូវខុសហើយ ឱ្យកែប្រែខ្លួនឡើងវិញ ព្រោះមានមនុស្សច្រើននាក់ជុំវិញខ្លួន ត្រូវការ។

តារាចម្រៀងប្រុសលោក សាន ផានិត ទោះបច្ចុប្បន្នមានវ័យជ្រេ និងធ្លាប់មានប្រវត្តិមិនល្អមែន តែការកែប្រែខ្លួន មកប្រឡូកក្នុងវិស័យសិល្បៈជាថ្មី ដូចបច្ចុប្បន្នលោក នៅតែមានទស្សនិកជនច្រើនគាំទ្រ និងបានចេញទៅសម្តែងនៅបរទេសទៀតផង។

យ៉ាងណាមិញ ដើម្បីឱ្យជ្រាប់កាន់តែច្បាស់ថាលោក សាន ផានិត ចែករំលែកបទពិសោធផ្ទាល់ខ្លួនអ្វីខ្លះ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» សូមទស្សនាវីដេអូខាងក្រោម៖