(បរទេស)៖​ ពិតជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលទៀតហើយសម្រាប់ Kanye West ដែលបានជ្រើសរើសទិញខុនដូក្នុងតម្លៃដល់ទៅ ១៤លានដុល្លារធ្វើជាអំណោយតិចតួចផ្តល់ជូនភរិយា Kim Kandashian ក្នុងឆ្នាំនេះ។

កាលពីថ្ងៃសុក្រម្សិលមិញ TMZ បានឲ្យដឹងថា Kanye West បានធ្វើឲ្យ Kim Kardashian មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងអំណោយខុនដូដ៏ ប្រណីតនៅក្បែរឆ្នេរសមុទ្រ Miami ដែលអគារស្នាក់នៅនេះមានផ្ទៃក្រឡាទំហំ ៤,៧០០ហ្វីតការ៉េ មានបន្ទប់គេង៤ បន្ទប់ទឹក៥ កន្លែងស៉្បា កន្លែងហាត់កីឡា និងអាងហែលទឹកដ៏ធំទូលាយ។

អគារខុនដូនេះគ្រប់គ្រងដោយប្រធាន ក្រុមហ៊ុន Goldman Sachs លោក Lloyd Blankfein និងស្ថាបនិក Citadel លោក Kenneth Griffin ផងដែរ។ គួរបញ្ជាក់ ថា នៅសប្តាហ៍នេះ Kanye និងភរិយាបានប្រារព្ធពិធីបុណ្យគ្រីស្តម៉ាសដ៏រីករាយជាមួយកូនៗនៅឯលំនៅដ្ឋានក្នុងរដ្ឋ កាលីហ្វ័រនីញ៉ា ហើយក៏មានភ្ញៀវល្បីៗចូលរួមផងដែរដូចជា Dave Chappelle, Paris Hilton, John Legend និង Tyler ។