(ភ្នំពេញ)៖​ យោងតាមការជូនដំណឹងរួមគ្នា រវាងក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានឲ្យដឹងថា ស្ថាប័នទាំងពីរ នឹងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ នាខេត្តឧត្តរមានជ័យ ដើម្បីរៀបចំព្រឹត្តិការណ៍កីឡា និងទេសចរណ៍ថ្មីមួយទៀត នៅតំបន់ប្រវត្តិសាស្ដ្រ នៃស្រុកអន្លង់វែង ដែលមានឈ្មោះព្រឹត្តិការណ៍កីឡា “ថ្មើរជើងប្រវត្តិសាស្ដ្រ” ដែលគ្រោងនឹងរៀបចំ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ខាងមុខ បន្ទាប់ពីគណៈកម្មការជំនាញ បានចុះពិនិត្យទីតាំងកាលពីពេលថ្មីៗ។

ព្រឹត្តិការណ៍កីឡាបែបកម្សាន្ដ លើទឹកដីប្រវត្តិសាស្រ នឹងត្រូវរៀបចំក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តឧត្តរមានជ័យ សាលាស្រុកអន្លង់វែង មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីជាការចាប់ផ្តើមថ្មីសម្រាប់ស្រុកអន្លង់វែង និងដើម្បីគាំទ្រដល់សន្តិភាព សន្តិសុខ និងវិបុលភាព នៅក្នុងតំបន់តស៊ូចុងក្រោយនៃចលនាខ្មែរក្រហម ដោយចំណុចចេញដំណើរ គឺចេញពីសារមន្ទីរប្រវត្តិសាស្ត្រអន្លង់វែង ឬសារមន្ទីរអតីតផ្ទះតាម៉ុក និងច្រកអន្តរជាតិជាំ ស្ថិតនៅភ្នំដងរែកផ្ទាល់តែម្ដង។

ការជូនដំណឹងដដែលបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍សង្គមដំបូងបង្អស់ ដើម្បីប្រារព្ធខួបទី ២០ឆ្នាំនៃការទទួលបានសន្តិភាពពេញលេញនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីការធ្វើសមាហរណកម្មចុងក្រោយនៅស្រុកអន្លង់វែង នៅក្នុងឆ្នាំ១៩៩៨ ពិសេសគឺដើម្បីតម្រង់ការចាប់អារម្មណ៍ទៅលើសារសំខាន់ផ្នែកប្រវត្តិសាស្ត្ររបស់អន្លង់វែង និងទៅលើចំណុចគោលនៃសន្តិភាព សន្តិសុខ និងវិបុលភាពរបស់ប្រទេសកម្ពុជា។ អន្លង់វែងគឺជាតំបន់តស៊ូចុងក្រោយរបស់ខ្មែរក្រហម ប៉ុន្តែតំបន់នេះក៏ជាចំណុចរបត់និមិត្តរូបមួយនៃការងើបចេញពីអតីតកាលដ៏សោកសង្រេងរបស់កម្ពុជាដែរ។

ដោយហេតុនេះ គណៈកម្មការរៀបចំព្រឹត្ដិការណ៍នេះ បានអំពាវនាវដល់ភ្ញៀវជាតិ និងអន្ដរជាតិ កុំភ្លេចចូលរួមឲ្យបានច្រើនកុះករជាមួយព្រឹត្តិការណ៍កីឡា “ថ្មើរជើងប្រវត្តិសាស្ដ្រ” នេះ ដើម្បីបានស្វែងយល់នូវតំបន់ដ៏អាថ៌កំបាំង ដំណើរផ្សងព្រេង សម្ភស្សធម្មជាតិ ពិសេសគឺដើម្បីទទួលបាននូវសុខភាពល្អទាំងអស់គ្នា ស្របពេលគណៈកម្មការបានប្ដេជ្ញា នឹងព្យាយាមគូសបញ្ជាក់ពីតម្លៃទាំងអម្បាលមាណនៃប្រវត្តិអន្លង់វែង តាមរយៈផ្លូវដើរប្រកបដោយទេសភាពដ៏ស្រស់បំព្រងនាឱកាសនោះ៕