(លីវើភូល)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Alex Oxlade-Chamberlain នឹងត្រឡប់ចូលទីលានហ្វឹកហាត់វិញនៅចុងខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខ ក្រោយអវត្តមានរយៈពេល ៨ខែមកនេះ ដោយសារបញ្ហារបួសជង្គង់ធ្ងន់ធ្ងរនារដូវកាលមុន។

កីឡាករជនជាតិអង់គ្លេស វ័យ២៥ឆ្នាំ Chamberlain បានរងរបួសជង្គង់ធ្ងន់ធ្ងរនៅអំឡុងខែមេសា ឆ្នាំ២០១៨ ពេលជួយ Liverpool យកឈ្នះគូប្រជែង Roma ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ UEFA Champions League ដើម្បីឡើងជួប Real Madrid នៅវគ្គផ្តាច់់ព្រ័ត្រចុងខែឧសភា។

ការរបួសធ្ងន់ធ្ងរនេះដែរ បានធ្វើឲ្យអតីតកីឡាករនៃក្លឹបកាំភ្លើងធំ Arsenal រូបនេះខកខាន World Cup 2018 នៅប្រទេសរុស្ស៊ី និង ១៩ប្រកួតរបស់ Liverpool នៅរដូវកាលថ្មីនេះ។

Oxlade-Chamberlain បានចាកចេញពីក្លឹប Arsenal មកចូលរួមជាមួយ Liverpool កាលឆ្នាំ២០១៧ ក្នុងតម្លៃខ្លួន ៤៤លានដុល្លារ៕