(ភ្នំពេញ)៖ លោក ហុក សុចិត្រា គ្រូបង្វឹកនៃក្លឹបបាល់ទាត់វិសាខា បានបង្ហើបថា ពេលបញ្ចប់លីគរដូវកាលឆ្នាំ២០១៩ យើងនឹងរៀបចំផែនការមួយ ហៅថា Visakha Pre-Season Tournament។ ក្នុងគម្រោង យើងមានរៀបចំការប្រកួតពានមួយដែលរៀបចំដោយវិសាខាតែម្ដង ដោយយើងកំពុងសិក្សាថាតើ យកក្រុម Top-4 ឬ Top-6 នៅក្នុងលីគកំពូលកម្ពុជា ដើម្បីបង្កើតឲ្យមានការប្រកួតកាន់តែច្រើន ខណៈឥឡូវនេះ យើងកំពុងសិក្សាពីគម្រោងនេះនៅឡើយ។

អ្នកចាត់ការក្លឹបវិសាខារូបនេះបានបញ្ជាក់ថា ក្រោយចប់រដូវកាលឆ្នាំ២០១៩ ក្លឹបលោកមានគម្រោងបង្កើតពានរង្វាន់មិត្តភាពមួយ ឬ Visakha Pre-Season Cup ដែលមានការចូលរួមពីក្លឹបក្នុងស្រុកអាចពីលំដាប់កំពូលទាំង៤ ឬក្រុមកំពូលចំនួន៦ ប្រព្រឹត្តទៅនៅកីឡដ្ឋានវិសាខាផ្ទាល់តែម្ដង។ ថ្នាក់ដឹកនាំក្រុមដដែលបានសង្កត់ធ្ងន់ថា ពានរង្វាន់មិត្តភាពនេះ ធ្វើឡើងដើម្បីបង្កើតការប្រកួតប្រជែងកាន់តែច្រើនថែមទៀត។

សូមបញ្ជាក់ផងដែរថា អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ហុក សុចិត្រា បានអះអាងថា វិសាខា តែងតែចូលរួមយ៉ាងសកម្មជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីលើកស្ទួយវិស័យកីឡាលើវាលស្មៅមួយនេះឲ្យកាន់តែផុលផុស៕