(ភ្នំពេញ)៖ វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមថ្នាក់ជាតិប្រចាំឆ្នាំរបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បាន បញ្ចប់ហើយ ក្រោយដំណើរការរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៨ ខែធ្នូ ឆ្នាំ២០១៨ ជាមួយសមិទ្ធផលដ៏ល្អប្រសើរ បន្ទាប់ពីសិក្សាស្វែងយល់ជាមួយគ្រូឧទ្ទេសជនជាតិថៃលោក Champahom Chattuchai ដែលជាគ្រូកម្រិតផ្កាយ២ របស់សមាគមកីឡាប្រដាល់សកលអន្តរជាតិ (AIBA)។ ពិធីបិទបានធ្វើឡើងក្រោមវត្តមានលោកសាស្រ្ដាចារ្យ ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មានសិក្ខាកាមចំនួន ៤០នាក់ ក្នុងនោះមានស្ដ្រី ២នាក់ចូលរួម ដោយសិក្ខាកាមទាំងអស់ត្រូវបានសិក្សាលម្អិតពីបទបញ្ជាបច្ចេកទេសប្រកួតជាលក្ខណៈអន្តរជាតិរបស់ AIBA។ ការបង្ហាញពីការរៀបចំសង្វៀន និងតួនាទីរបស់មន្ត្រីបច្ចេកទេសក្នុងសង្រៀនប្រកួត នីតិវិធី និងដំណើរការនៃការវិនិច្ឆ័យ និងផ្ដល់ពិន្ទុរបស់អាជ្ញាកណ្ដាល-ចៅក្រម ក៏ដូចជាបទបង្ហាញពីតួនាទី-ភារកិច្ចរបស់អាជ្ញាកណ្ដាលក្នុងសង្វៀនជាដើម។

ជាមួយនឹងការបើកវគ្គបណ្ដុះបណ្ដាលនេះ គ្រូឧទ្ទេសខាងលើក៏បានធ្វើការអនុវត្តន៍ជាក់ស្ដែង ដើម្បីពិនិត្យ និងវាយតម្លៃ ចំពោះកម្រិតសមត្ថភាពរបស់អាជ្ញាកណ្ដាល-ចៅក្រមផងដែរ ពិសេសលោក Champahom Chattuchai បានកែប្រែនូវចំណុចខ្វះខាតមួយចំនួន ដែលធ្វើឲ្យសិក្ខាកាមចូលរួម មានការយល់ដឹងកាន់តែច្បាស់ពីតួនាទី-ភារកិច្ចរបស់ខ្លួន។ ជាក់ស្ដែងជាលទ្ធផលមានសិក្ខាកាម ២រូបទទួលបាននិទ្ទេសល្អណាស់ ១៣រូបទទួលបាននិទ្ទេសល្អ ១៤រូបទទួលនិទ្ទេសមធ្យម និង ៦រូបទទួលបាននិទ្ទេសខ្សោយ។

បន្ទាប់ពីចប់វគ្គបណ្ដុះបណ្ដាល ៣ថ្ងៃលោកសាស្ដ្រាចារ្យ ឆឹង យ៉ៅយ៉េន សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ នឹងនាំយកចំណេះដឹងទទួលបានពីការសិក្សា ទៅអនុវត្តឲ្យមានប្រសិទ្ធភាព ស្របតាមស្ដង់ដាររបស់ AIBA ដើម្បីធានាការអភិវឌ្ឍន៍វិស័យកីឡាប្រដាល់សកលកម្ពុជាឲ្យកាន់តែរីកចម្រើន ពិសេសគឺការចូលរួមបណ្ដុះបណ្ដាលធនធានមន្ដ្រីបច្ចេកទេស ក៏ដូចជាធនធានកីឡាករ-កីឡាការិនី សម្រាប់សម្រួចទិសដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ផងដែរ៕