(ថៃ)៖ ជាការពិត បន្ទាប់ពីខ្សែភាពយន្តដ៏ល្បី គឺរឿង «បុពេ្វសន្និវាស» ត្រូវបានចាក់បញ្ចាំងលើស្ថានីយទូរស្សន៍រួចមក តារាសម្តែងក្នុងរឿងនេះ សុទ្ធសឹងតែ ត្រូវបានទស្សនិកជនស្គាល់ស្ទើរគ្រប់រូប រហូតមានតារាសម្តែងមួយចំនួន ត្រូវបានមានអ្នកគាំទ្រ ចាំតាមដានរាល់សកម្មភាពក្រៅសិល្បៈទៀតផង។ ជាពិសេស គឺតួឯកប្រុសក្នុងរឿងនេះ លោក Pope Tanawat បាននឹងកំពុងធ្វើឱ្យអ្នកគាំទ្រ សង្ស័យថា លោកកំពុងតែមានចំណងស្នេហ៍ជាមួយនឹង តារាស្រីស្រស់សោភាម្នាក់ គឺកញ្ញា Diana Flipo។

ការលើកឡើងបែបនេះ ពីទស្សនិកជន ដោយសារតែពួកគេសង្កេតឃើញថា កាលពីមួយរយៈមុន តារាប្រុសរូបសង្ហារ Pope Tanawat បានបង្ហាញពីលក្ខណៈសម្បត្តិ របស់នារីនៅក្នុងក្តីស្រមៃ ដែលលោកចង់ យកធ្វើគូអនាគត ដោយនិយាយថា លោកស្រលាញ់នារីចេះចម្អិន និងធ្វើម្ហូបឆ្ងាញ់ៗឲ្យលោកញុំា។ នាងមានលក្ខណៈស្រស់ស្អាត ទាំងរូបសម្បត្តិ និងកិរិយា និងមានស្បែកសផងដែរ។

ភ្លាមនោះ មិនបង្អង់យូរឡើង ក៏មានទស្សនិកជនជាច្រើន នាំគ្នាសង្ស័យថា ប្រហែលជា កញ្ញា Diana Flipo ហើយ មើលទៅ ព្រោះបើគេនៅចាំមិនភ្លេច តារាស្រីរូបនេះ ក៏ធ្លាប់បានសម្តែងជាមួយលោក Tanawat កន្លងទៅ ក្នុងរឿង «Leurd Ruk Torranong» ឬរឿង «តំណក់ឈាមអំនួតស្នេហ៍»ដែរ។ អ្វីដែលពិសេស នាងមានរូបសម្រស់យ៉ាងស្រស់ស្អាត និងពូកែខាងចម្អិនម្ហូបទៀតផង។

យ៉ាងណាមិញ ទោះបីជាមានការលើកឡើងបែបនេះ និងគាំទ្រពីទស្សនិកជន ឱ្យអ្នកទាំងពីស្រឡាញ់គ្នាដ៏ដោយ តែរហូតមកទល់នឹងពេលនេះ តារាប្រុសស្រីទាំងពីរដួង មិនទាន់ចេញមុខមកសារភាពនៅឡើយទេ ថាអ្នកទាំងពីរពិតជាមានចិត្តលើគ្នាទៅវិញទៅមក មែនឬយ៉ាងណានោះ។