(ក្រុងមីឡេន)៖ ក្រុមបាល់ទាត់ Inter Milan នឹងធ្វើការប្រកួតដោយគ្មានអ្នកទស្សនាសម្រាប់ ២ប្រកួតក្នុងដីនៅក្របខណ្ឌកំពូលអ៊ីតាលី Serie A ក្រោយផ្ទុះការរើសអើងពូជសាសន៍ទៅលើកីឡាករ Kalidou Koulibaly ដែលជាខ្សែការពារនៃក្លឹប Napoli ក្នុងពេលប៉ះគ្នាកន្លងមក។

ក្រុមពពកស Napoli បានចាញ់ក្រុមម្ចាស់ផ្ទះ Inter Milan ក្នុងលទ្ធផលផ្លូវការ ១-០ កាលពីរាត្រីថ្ងៃពុធក្នុងយុទ្ធនាការ Serie A ក្នុងខណៈដែលខ្សែការពារ Kalidou Koulibaly ត្រូវបានពិន័យកាតក្រហមនៅនាទីទី៨០ (កាតក្រហម ២ដង) និងមានការស្រែកច្រៀងបែបរើសអើងពូជសាសន៍ នៅពេលដែល Koulibaly ដើរចេញពីទីលាននៅនាទីទី៨១។

ភ្លាមៗនោះដែរ លោក Carlo Ancelotti គ្រូបង្វឹក Napoli ក៏បានស្នើសុំលោកអាជ្ញាកណ្តាលព្យួរការប្រកួត ចំនួន៣លើកផងដែរ តែអាជ្ញា មិនព្រម ខណៈក្លឹប Inter Milan ក៏ត្រៀមប្តឹងបកទៅសហព័ន្ធបាល់ទាត់អ៊ីតាលីវិញផងដែរ។

មុនចាប់ផ្តើមការប្រកួតនារាត្រីថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០១៨ នោះដែរ អ្នកគាំទ្រម្នាក់នៃក្លឹប Inter Milan បានបាត់បង់ ជីវិត និង៤នាក់ផ្សេងទៀតរងរបួស ដោយការប៉ះទង្គិចគ្នានៅទីក្រុង Milan ប្រទេសអ៊ីតាលី៕