(ហ្សាគ្រីប)៖ ខ្សែបម្រើប្រយុទ្ធ Luka Modric បានឈ្នះពាន Balkan ក្នុងនាមជាអត្តពលិកឆ្នើមប្រចាំឆ្នាំ២០១៨ របស់ប្រទេសក្រូអាត បន្ទាប់ពីកីឡាករវ័យ វ័យ៣៣ឆ្នាំរូបនេះជួយឲ្យជម្រើសជាតិរបស់គេឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ FIFA World Cup 2018 ជាប្រវត្តិសាស្រ្ត ទោះមិនឈ្នះពានក៏ដោយ។

តារាឆ្នើមដែលលេងក្នុងតំបន់បម្រើ បានប្រមូលយកពានឯកត្តជនស្ទើរទាំងអស់ក្នុងឆ្នាំ២០១៨ នេះ ដោយរូបគេឈ្នះដំបូង ពានបាល់មាស ប្រចាំយុទ្ធនាការ World Cup 2018 ក្នុងនាមកីឡាករលេងល្អជាងគេ ពានរង្វាន់កីឡាករលេងល្អ បំផុតប្រចាំទ្វីបអឺរ៉ុប UEFA និងពានរង្វាន់កីឡាករលេងល្អប្រចាំឆ្នាំរបស់ FIFA និងចុងក្រោយពានបាល់មាស ប្រចាំរដូវ ឆ្នាំ២០១៨ Ballon D’or នៅប្រទេសបារាំង។

Modric ក៏ជាកីឡាករសំខាន់ម្នាក់ផងដែរដែលបានជួយឲ្យក្លឹបអេស្ប៉ាញ Real Madrid ឈ្នះជើងឯក UEFA Champions League កាលចុងខែឧសភា ឆ្នាំ២០១៨ ទៀតផង។

គួរបញ្ជាក់ផងថា ពានឯកត្តជន Balkan ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារសារព័ត៌មាន Bulgarian News Agency (BTA) ដោយផ្តោតទៅលើអត្តពលិកឆ្នើមប្រចាំឆ្នាំនៃប្រទេសអាល់បានី បូស្នី ក្រូអាត ក្រិក ម៉ាសិដូនី ម៉ុងតេនីក្រូ រ៉ូម៉ានី ស៊ែប៊ី និងតួកគី៕