(ម៉ាឌ្រីដ)៖ ក្លឹបបាល់ទាត់ Real Sociedad បានសម្រេចបញ្ចប់តំណែងគ្រូបង្វឹក Asier Garitano ជាផ្លូវការហើយនៅថ្ងៃ ព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ដឹកនាំលេងចាញ់ ៤ប្រកួតជាប់ៗគ្នាក្នុងលីគកំពូលអេស្ប៉ាញ La Liga នាពេលថ្មីៗនេះ។

លោក Asier Garitano បានចំណាយពេលត្រឹមតែ ៧ខែនៅក្នុងក្របខណ្ឌ La Liga ដែលមិនអាចជួយឲ្យក្លឹបយកឈ្នះគូប្រជែង Deportivo Alaves បានកាលពីសប្តាហ៍មុន ដោយបានបរាជ័យក្នុងលទ្ធផល ១-០ នៃសប្តាហ៍ទី១៧ ជិតបញ្ចប់ជើងទី១ ក្នុងរដូវកាលឆ្នាំ២០១៨-២០១៩។

យោងតាមការចេញផ្សាយដោយព័ត៌មាន Marca ក្លឹបខាងលើបានប្រកាសពីការបណ្តេញលោក Garitano ក្នុងថ្ងៃ Boxing Day ដែលក្រុមនេះបានធ្លាក់ទៅកាន់ចំណាត់ថ្នាក់លេខ១៥ នៅ La Liga។ ជាក់ស្តែងលោក Garitano ត្រូវបានបណ្តេញចេញដោយក្រុម Real Sociedad ក្រោយរងបរាជ័យ ៤ប្រកួតជាប់ៗគ្នា។

មិនតែប៉ុណ្ណោះ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្លឹបនៅអេស្ប៉ាញមួយនេះបានអរគុណលោក Garitano ចំពោះការចូលរួមចំណែកទាំងអស់ ទាំងវិជ្ជាជីវៈ និងការប្តេជ្ញាចិត្តដែលគាត់បានបង្ហាញក្នុងអំឡុងពេលនៃការអនុវត្តតួនាទីរបស់គាត់នៅក្នុងក្រុម៕