(ភ្នំពេញ)៖ បន្ទាប់ពីធ្វើការស្វែងយល់ចិត្តគ្នា អស់រយៈយូរឆ្នាំរួចមក ទីបំផុតតារាចម្រៀងប្រុស ប្រចាំផលិតកម្មហង្សមាស លោក នៅ ស៊ីនឿន បានសម្រេចភ្ជាប់ពាក្យ ជាមួយនឹងអនាគតភរិយា ដែលជាអនិកជនខ្មែររស់នៅអាមេរិក​ អមដោយការដឹងឮពីចាស់ទុំទាំងសងខាង និងអ្នករួមអាជីពចូលរួមអបអរសាទរ ជាច្រើននាក់ផងនោះ។ តារាចម្រៀង លោក នៅ ស៊ីនឿន បានបញ្ជាក់ប្រាប់តាមរយៈ​ទូរស័ព្ទឲ្យដឹងថា លោកបានស្គាល់គ្នា ជាមួយអនាគតភរិយា តាមរយៈការចេញទៅសម្តែងនៅអាមេរិក ហើយក៏បានទាក់ទងគ្នា យល់ចិត្តគ្នាទៅវិញទៅមក ជិត៣ឆ្នាំហើយ ទើបសម្រេចចិត្តភ្ជាប់ពាក្យ នៅចុងឆ្នាំ ២០១៨នេះ។ លោកបង្ហើបថា សម្រាប់ថ្លៃបណ្តាការនោះ លោកបានជូនទៅខាងស្រី បើគិតជាសាច់ប្រាក់ ចំនួន ៣៦,១៦៨ ដុល្លារអាមេរិក។

ទន្ទឹមនឹងការសម្រេចភ្ជាប់ពាក្យ ជាមួយនឹងគូស្នេហ៍ស្រស់សោភា​មានវ័យ ២០ ឆ្នាំ ឈ្មោះ Dominique ដែលជាអនិកជនខ្មែររស់នៅអាមេរិក ពេលនេះ​បានធ្វើឲ្យទស្សនិកជន និងមិត្តរួមអាជីពជាច្រើន សម្តែងនូវការររីរាយរួមនឹងការអបអរសាទរយ៉ាងច្រើនកុះករ​។ អ្វីដែលពិសេស គេសម្គាល់ឃើញថា នៅព្រឹកថ្ងៃទី ២៧ ធ្នូ ឆ្នាំ២០១៨ ដែលជាថ្ងៃភ្ជាប់ពាក្យ របស់លោក នៅ ស៊ីនឿន មានការចូលរួមពីតារាល្បីៗ ប្រចាំផលិតកម្មហង្សមាសជាច្រើនដួង និងមានញាតិមិត្តទាំងខាងស្រី ខាងប្រុសមកពីបរទេស ជួបជុំគ្នាយ៉ាងរីករាយផងដែរ។ តែសម្រាប់ថ្ងៃមង្គលការនោះ ត្រូវបានលោក នៅ ស៊ីនឿន បញ្ជាក់ថា មិនប្រាកដថាថ្ងៃណានោះទេ គ្រាន់តែដឹងថា លោកនឹងចូលរោងការនៅឆ្នាំក្រោយ ​ពោលគឺអាចចុង២០១៩។

លោកនៅ ស៊ីនឿន បានប្រាប់ឲ្យដឹងថា ក្រៅពីរៀបចំពិធីភ្ជាប់ពាក្យ តាមប្រពៃណីខ្មែរ ដើម្បីបង្កើនភាពស្និទ្ធស្នាលរវាង ខាងស្រី និងខាងប្រុស ព្រមទាំងភ្ញៀវកិត្តិយស ក្នុងថ្ងៃភ្ជាប់ពាក្យរបស់លោក គឺមានបន្ថែមកម្មវិធីជប់លៀង ពេលល្ងាចមួយទៀត ក្នុងគោលបំណងបង្កើតអនុស្សាវរីយ៍សប្បាយៗ។

គួរបញ្ជាក់ថា កម្មវិធី​ភ្ជាប់ពាក្យតារាចម្រៀងប្រុស លោកនៅ ស៊ីនឿន ធ្វើឡើងនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៨ នៅក្រុងតាខ្មៅ នៅក្នុងបុរីពិភពថ្មីតាខ្មៅសាខាទី១ ដោយមានការចូលរួមយ៉ាងកុះករ​ពីមិត្តរួមអាជីព និងសាច់​ញាតិទាំងសងខាងផងដែរ៕