(ភ្នំពេញ)៖ ក្រោយពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសព័ត៌មានជុំវិញករណីអតីតកីឡាករភ្នំពេញក្រោនទាំង៥រូប ដែលបានផ្លាស់ប្តូរទៅលេងនៅក្លឹបវិសាខារួចមក លោកគ្រូបង្វឹកអ្នកចាំទី Luis Fernando Vitorino បានសម្តែងសេចក្តីសាទរ ចំពោះសេចក្តីប្រកាសនេះ ហើយលោកបានយល់ស្របទៅតាមចំណាត់ការរបស់សហព័ន្ធទាក់ទងទៅនឹងចំណុចទី២ របស់ FFC។

គ្រូបង្វឹកអ្នកចាំទីរូបនេះបាននិយាយថា «សម្រាប់ខ្ញុំ គឺផ្តោតសំខាន់លើការងារជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន ដូច្នេះអ្វីដែលលោកប្រធានក្លឹប ក៏ដូចជាអ្នកគាំទ្រចង់បាន គឺខ្ញុំគាំទ្រទាំងអស់ ព្រោះខ្ញុំយល់ថា ពួកគាត់គឺធ្វើដើម្បីវិស័យបាល់ទាត់នៅកម្ពុជា»

ប្អូនប្រុសគ្រូបង្វឹកក្រុមឈុតធំភ្នំពេញក្រោនបានយល់ស្របលើការលើកយកច្បាប់ទាក់ទងទៅនឹងការផ្ទេរកីឡាករក្នុងស្រុកនេះមកនិយាយ ព្រោះវាជាដំណើរការនៃការអភិវឌ្ឍវិស័យបាល់ទាត់នៅប្រទេសកម្ពុជា ដើម្បីឲ្យក្លឹបនីមួយៗមានឆន្ទៈក្នុងការបណ្តុះយុវជនបន្ថែមទៀត។

ជុំវិញករណីកីឡាករ៥រូប ដែលបានផ្លាស់ទៅលេងនៅក្លឹបវិសាខាត្រូវបានដោះស្រាយរួចរាល់ហើយ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាននាថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨៕