(ភ្នំពេញ)៖ ការបង្ហាញមុខលើវិថីសិល្បៈ ជាថ្មីឡើងវិញ ពីសំណាក់តារាចម្រៀង សាន ផានិត តាមរយៈស្នាដៃ ចម្រៀងថ្មីៗមានដូចជាបទ «ភ្លេងការ» និងបទ «រដូវស្លឹកឈើជ្រុះ» ជាដើម។ យ៉ាងណាមិញ អ្នកគាំទ្រមានចម្ងល់ ជាច្រើន ទាក់ទងនឹងការបាត់ខ្លួនមួយរយៈធំ លើវិថីសិល្បៈរបស់តារារូបនេះ រហូតមកប្រភពខ្លះបង្ហើបថា លោក ជាប់សង្ស័យពាក់ព័ន្ធនឹងករណីគ្រឿងញៀនទៀតផង។ តើបញ្ហានេះ ជារឿងពិត ឬយ៉ាងណា? លោក សាន ផានិត នឹងមកចូលខ្លួនបកស្រាយ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

ជាការកត់សម្គាល់ បច្ចុប្បន្នលោក សាន ផានិត ហាក់មានភាពមមាញឹកខ្លាំង តាំងពីបោះជំហានលើវិថីសិល្បៈ ឡើងវិញមក។ លើសពីនេះ លោកមិនត្រឹមតែទទួលបាននូវការស្វាគមន៍ យ៉ាងកក់ក្តៅពីទស្សនិកជនក្នុងស្រុក តាមរយៈការគាំទ្រចម្រៀងរបស់លោកនោះទេ ថែមទាំងមានទស្សនិកជននៅក្រៅប្រទេសជាច្រើន ចង់ឃើញវត្តមានរបស់លោក ដើម្បីទៅច្រៀងកម្សាន្តសប្បាយ នៅទីនោះទៀតផង ព្រោះឆាប់ៗខាងមុខនេះ លោកនឹងចេញទៅសម្តែង នៅលើទឹកដីប្រទេសកូរ៉េ ក្នុងឱកាសឆ្លងឆ្នាំសាកល។

យ៉ាណាមិញ សម្រាប់រាល់ចម្ងល់ និងមន្ទិលសង្ស័យរបស់ទស្សនិកជន ជុំវិញបញ្ហាពាក់ព័ន្ធនឹងគ្រឿងញៀននោះ លោក សាន ផានិត នឹងមកបង្ហាញប្រាប់ដល់ទស្សនិកជន ឲ្យជ្រាបកាន់តែច្បាស់ តាមរយៈកិច្ចសម្ភាសន៍ របស់កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នឹងធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នាម៉ោង៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី៣០ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងដដែល៕