(មេនឆេស្ទើ)៖ ក្រុមបាល់ទាត់បិសាចក្រហម Manchester United បន្តរកបានជ័យជម្នះជាប់គ្នានៅ Premier League ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Ole Gunnar Solskjaer ស្របពេលកីឡាករខ្សែបម្រើរបស់បារាំង Paul Pogba រកបាន ២គ្រាប់ពេលបំបាក់ក្រុមភ្ញៀវ Huddersfield Town ៣-១ យប់មិញនេះ។

នេះជា២ប្រកួតដំបូងរបស់គ្រូបង្វឹកថ្មី Solskjaer ដែលជាជនជាតិន័រវេស ដែលត្រូវបានតែងតាំងឲ្យដឹកនាំ Man Utd បណ្តោះអាសន្នរហូតដល់ចប់រដូវកាលឆ្នាំ២០១៨-២០១៩នេះ ជំនួសកៅអីលោក Jose Mourinho ដែលត្រូវបាន បណ្តេញចេញពីតំណែងនោះ។

អតីតកីឡាករខ្សែបម្រើតោខៀវ Chelsea, Nemanja Matic រកបានគ្រាប់ទី១ ឲ្យ Man Utd នៅនាទីទី២៨ មុនពេល Pogba រកបាន ២គ្រាប់នៅនាទីទី៦៤ និងនាទីទី៧៨ ដែលជាការបាន ៧គ្រាប់នៅរដូវកាលនេះក្នុងក្លឹប Man Utd និងអ្នកចាំទី David De Gea របូត ១គ្រាប់នៅនាទីទី៨៨ ធ្វើបាន សម្រេចដោយកីឡាករ Jorgensen។

៣ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យ Man Utd រកបាន ៣២ពិន្ទុឈរនៅលេខ៦ បណ្តោះអាសន្ន បន្តចាញ់ក្រុមកំពូលតារាង Liverpool រហូតដល់ទៅ ១៩ពិន្ទុគិតត្រឹមសប្តាហ៍ទី១៩ បញ្ចប់ជើងទី១ នៃ Premier League៕