(ភ្នំពេញ)៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានបង្ហាញនូវក្ដីរីករាយក្នុងការទទួលយកនូវលទ្ធផល ដោះស្រាយរបស់សហ ព័ន្ធកីឡាបាល់ទាត់កម្ពុជា ជុំវិញការផ្ទេរកីឡាករ ៥នាក់ទៅក្លឹបវិសាខា តែក្លឹបរំពឹងថា ក្រោយជួបប្រទះរឿងនេះ សហព័ន្ធ នឹងបង្កើតច្បាប់ច្បាស់លាស់មួយ ស្ដីពីការគ្រប់គ្រងផ្ទេរកីឡាករក្នុងស្រុក ដើម្បីធានាការអភិវឌ្ឍន៍វិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជា។

ខាងក្រោមនេះ គឺជាសេចក្ដីប្រកាសព័ត៌មានរបស់ក្លឹបភ្នំពេញក្រោន៖

ក្លឹបភ្នំពេញក្រោន មានក្តីរីករាយ និងសូមជម្រាបជូនសាធារណជន ក៏ដូចជាអ្នកគាំទ្រឱ្យបានជ្រាបអំពីលទ្ធផល នៃដំណោះស្រាយជុំវិញវិវាទលើការផ្ទេរកីឡាករ ៥នាក់ ដែលមានប្រភពមកពីក្រុមថ្នាលយុវជនភ្នំពេញក្រោន ទៅកាន់ក្លឹបបាល់ទាត់វិសាខា ដែលបានបង្កឱ្យមានភាពភ្ញាក់ផ្អើលជាខ្លាំង នៅក្នុងចំណោមអ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជា ក្នុងរយៈកាលប៉ុន្មានថ្ងៃកន្លងមកនេះ។

យ៉ាងណាក៏ដោយ ក្នុងស្មារតីនៃមហាគ្រួសារបាល់ទាត់កម្ពុជា ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានក្តីសោមនស្សនឹងទទួលយកដំណោះស្រាយ ដូចដែលមានកំណត់នៅក្នុងសេចក្តីប្រកាសព័ត៌មានលេខ ១១៩/១៨ ស.ណ/ស.ប.ក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយក្លឹបបាល់ទាត់ភ្នំពេញក្រោន យល់ព្រមទទួលយកប្រាក់ឧបត្ថម្ភពីក្លឹបបាល់ទាត់វិសាខា ជាថ្លៃហូបចុក ស្នាក់នៅ និងបណ្តុះបណ្តាលលើកីឡាករទាំង ៥នាក់ស្របទៅតាមលទ្ធផលនៃការពិភាក្សាគ្នាកន្លងមក ព្រមទាំងអនុលោមទៅតាមការបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលបានធ្វើឡើងនាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨កន្លងមកផងដែរ។

ជាមួយគ្នានេះ ក្លឹបបាល់ទាត់ភ្នំពេញក្រោន ក៏សូមគាំទ្រចំពោះជំហររបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលគ្រោងនឹងដាក់ឆ្លងពង្រាងច្បាប់ស្តីពីការគ្រប់គ្រង និងការផ្ទេរកីឡាករក្នុងស្រុក នៅក្នុងមហាសន្និបាតពេញអង្គរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅដើមឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីបំពេញនូវភាពចន្លោះប្រហោងនៃច្បាប់ និងការពារកុំឱ្យកើតមានអរិភាពដូចអ្វី ដែលក្លឹបបាល់ទាត់ភ្នំពេញក្រោនទើបតែបានជួបប្រទះនោះ។

ជាងនេះទៅទៀត យន្តការគតិយុត្តិនេះនឹងធានានូវដំណើរអភិវឌ្ឍន៍នៃវិស័យបាល់ទាត់កម្ពុជា ជាពិសេសលើកទឹកចិត្តដល់បណ្តាក្លឹបបាល់ទាត់នានា ចូលរួមយ៉ាងផុសផុលក្នុងការបណ្តុះបណ្តាលធនធានកីឡាករជំនាន់ក្រោយ ឱ្យបានកាន់តែច្រើនថែមទៀត ព្រមទាំងដើម្បីបញ្ចៀសនូវបញ្ហាណាមួយជាយថាហេតុនាពេលអនាគត ពាក់ព័ន្ធនឹងការផ្ទេរកីឡាករក្នុងស្រុក ដែលអាចនឹងត្រូវធ្វើឡើងដោយគ្មានតម្លាភាព ឬតាមរយៈរូបភាពអវិជ្ជមានណាមួយនោះ។

ក្លឹបបាល់ទាត់ភ្នំពេញក្រោន ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណជន ពិសេសអ្នកគាំទ្រក្លឹបភ្នំពេញក្រោន និងបណ្តាញសារព័ត៌មាននានា ដែលបានតាមដានយ៉ាងយកចិត្តទុកដាក់លើករណីនេះ ដោយបានបង្ហាញឱ្យឃើញនូវការគាំទ្រដ៏ខ្លាំងក្លា ចំពោះវិស័យកីឡាបាល់ទាត់កម្ពុជា។ តបស្នងចំពោះការគាំទ្រនេះ ក្លឹបបាល់ទាត់ភ្នំពេញក្រោនប្តេជ្ញានឹងខិតខំទ្វេដង ក្នុងបេសកម្មអភិវឌ្ឍន៍វិស័យបាល់ទាត់ជាតិ ពិសេសលើការពង្រឹងសមត្ថភាពក្រុមថ្នាលយុវជនក្នុងនាមជាក្លឹបបាល់ទាត់ ដែលបានបង្កើតក្រុមថ្នាលយុវជនមុនគេនៅក្នុងប្រទេស ដើម្បីរួមចំណែកផលិតធនធានថ្មីៗកាន់តែច្រើនថែមទៀត ស្របតាមទស្សនវិស័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា ដែលតែងតែផ្តល់នូវការគាំទ្រយ៉ាងមុតមាំ លើកិច្ចការអភិវឌ្ឍន៍វិស័យបាល់ទាត់នៅក្នុងប្រទេសកម្ពុជា៕