(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅព្រឹកថ្ងៃទី២៦ ខែធ្នូនេះ បានដឹកនាំមន្ដ្រីគណៈកម្មការជំនាញរបស់សហព័ន្ធកីឡាជាតិ ចុះពិនិត្យទីតាំងត្រូវរៀបចំការសម្ដែង និងប្រកួតកីឡាជាង ១០ប្រភេទ ដើម្បីអបអរសាទរពិធីសម្ពោធវិមានអនុស្សាវរីយ៍ ឈ្នះឈ្នះ និងខួប ២០ឆ្នាំ នៃនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ដែលគ្រោងធ្វើឡើងរយៈពេល ៤ថ្ងៃពេញ ចាប់ពីថ្ងៃទី២៨-៣១ ខែធ្នូ ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា កីឡានឹងក្លាយជាសកម្មភាពដ៏ទាក់ទាញមួយ ក្នុងចំណោមសកម្មភាពជាច្រើន ដែលគណៈកម្មការរៀបចំពិធីបុណ្យជាតិ ត្រៀមរៀបចំអបអរព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រខាងលើ ក្នុងនោះ NOCC បានបែងចែកការប្រកួត ២ប្រភេទធំៗ គឺប្រភេទកីឡាជំនាញ និងកីឡាលក្ខណៈមហាជន តែភាគច្រើនត្រូវរៀបចំមុខមជ្ឈមណ្ឌលហែលទឹក ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ រីឯកីឡាខ្លះ ត្រូវរៀបចំខាងក្រៅ ដូចជាការជិះកង់កម្សាន្ដជាង ២០គីឡូម៉ែត្រ ដែលនឹងចេញដំណើរពីពហុកីឡដ្ឋានជាតិ ទៅបញ្ចប់នៅមុខវិមានឈ្នះឈ្នះជាដើម។

រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះថា «ម្សិលមិញឯកឧត្តមបណ្ឌិត ថោង ខុន បានចុះពិនិត្យកន្លែងរៀបចំសកម្មភាពកីឡាម្ដងមកហើយ តែថ្ងៃនេះគណៈកម្មការជំនាញតាមសហព័ន្ធត្រូវចូលរួម បានមកពិនិត្យចុងក្រោយ ដើម្បីរៀបចំឲ្យមានភាពអស្ចារ្យ ទាក់ទាញ និងកក្រើកពេញរយៈពេល ៤ថ្ងៃ ដែលកីឡាខ្លះជាកីឡាបែបបុរាណ និងបើកឲ្យមហាជនចូលរួមផងដែរ ដូចជាកីឡាចំបាប់បុរាណ រត់កម្សាន្ដ ជិះកង់កម្សាន្ដ ប្រណាំងសេះ ក្របី បាល់ទះឆ្នេរខ្សាច់ និងការសម្ដែងកីឡាយុទ្ធគុនជាច្រើន ពិសេសយើងមានកីឡាជំនាញមួយ ដែលត្រូវបានលក្ខណៈពិភពលោក គឺប្រដាល់គុនខ្មែរ»

លោកថា «ប្រដាល់គុនខ្មែរ យើងនឹងរៀបចំការប្រកួតខ្សែក្រវាត់ពិភពលោក ដោយចម្រាញ់កីឡាករជើងខ្លាំងៗទូទាំងប្រទេសកម្ពុជា មកចូលរួម ជាមួយកីឡាករជើងខ្លាំងមកពីបណ្ដាប្រទេសផ្សេងៗ ក្រោមកិច្ចសហការរៀបចំរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ ជាមួយស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ ៥។ ការប្រកួតនេះ យើងនឹងបញ្ចូលនូវការផ្សព្វផ្សាយឈ្មោះខ្មែរ ឬ Brand របស់ខ្មែរមួយ តំណាងឲ្យប្រដាល់គុនខ្មែរ គឺ Khmer Fight។ ពិសេសសកម្មភាពកីឡា នឹងត្រូវរៀបចំ រហូតដល់រាត្រីឆ្លងឆ្នាំ ពោលគឺដល់ម៉ោង ១២៖០០នាទី រំលងអាធ្រាតថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ទៀតផង»

ដោយឈរលើឆន្ទៈដល់មុតមាំរបស់សហព័ន្ធកីឡាជាតិ និងគណៈកម្មការរៀបចំ លោករំពឹងថា សកម្មភាពកីឡានឹងក្លាយជាផ្នែកដ៏ទាក់ទាញមួយ ក្នុងឱកាសសម្ពោធវិមានអនុស្សាវរីយ៍ ឈ្នះឈ្នះ និងខួប ២០ឆ្នាំ នៃនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ពិសេសការគាំទ្ររបស់មហាជន។ មិនតែប៉ុណ្ណោះ ក្នុងនាមគណៈកម្មការរៀបចំ លោកក៏បានអំពាវនាវដល់ទស្សនិកជន ដែលចូលរួមទស្សនាផ្ទាល់ ចូលរួមលេងកីឡាលក្ខណៈមហាជន ដូចជាកីឡាចំបាប់បុរាណជាដើម ដើម្បីបង្កើតបរិយាកាសឲ្យកាន់តែសប្បាយរីករាយផងដែរ៕