(ភ្នំពេញ)៖ មិនខុសគ្នាពីរឿងរ៉ាវរបស់តារាចម្រៀងស្រីវ័យក្មេងកញ្ញា ទេព បូព្រឹក្ស ប៉ុន្មានទេ គ្រាន់តែរឿងមួយជា​ការប្រើហិង្សាដោយការប្រើកំប៉ុងស្រាបៀ គប់លើតារាចម្រៀងកញ្ញា ទេព បូព្រឹក្ស កំពុងច្រៀងលើឆាក។

ចំណែកឯករឿងស្រីអ្នកនាង ម៉េង កែវពេជ្ជតា ត្រូវបានបុរសស្រវឹងស្រាម្នាក់រួមនិងគ្នា ២នាក់ផ្សេងទៀត ប្រើសម្តីហាក់មើលងាយកិត្តិយសខ្លួន។ ផ្អែកតាមការរៀបរាប់ភ្ជាប់សារយ៉ាងវែងអន្លាយនៅលើបណ្តាញសង្គមហ្វេសប៊ុកអ្នកនាង ម៉េង កែវពេជ្ជតា លើកឡើងចោទជាសំនួរថា តើខ្ញុំខុសដែរមែនទេ? យប់មិញពេលខ្ញុំច្រៀងក្នុងពិធីឆ្លងឆ្នាំនៅសណ្ឋាគាប្រណិត Sokha Hotel ចប់ ខ្ញុំក៏បន្តមកកម្មវិធីឥតព្រៀងទុកមួយរបស់ហ្វ៊ែន (ម៉ោងប្រហែលជា ១១យប់) គឺជាខួបអាពាហ៍ពិពាហ៍ដែលប្រារពនៅក្នុងភោជនីយដ្ឋាន។ ពេលខ្ញុំដើរចូលទៅនិងបានអង្គុយមិនទាន់ទាំងញ៉ាំអ្វីមួយម៉ាត់ផង ក៏មានភ្ញៀវតុផ្សេង មិនមែនភ្ញៀវពិធីទេ ដើរមកសុំខ្ញុំទៅតុរបស់គាត់ដើម្បីថតរូបជាមួយបងប្រុសគាត់។

តារាស្រីសម្លេងពិរោះរណ្តុំចិត្តអ្នកនាង ម៉េង កែវពេជ្ជតា បញ្ជាក់ថា ទោះបីខ្ញុំកំពុងហេវហត់ អស់កម្លាំងនិងឃ្លានយ៉ាងណា តែដោយគោរពលើគាត់ជាទស្សនិកជន ខ្ញុំក៏បានទៅឈរថតជាមួយគាត់ ព្រមទាំងមានបុរសពីរនាក់ទៀតក្នុងស្ថានភាពស្រវឹងដូចគ្នា។ ក្នុងពេលថត ពួកគាត់បានលូកដៃឱបចង្កេះខ្ញុំ និងចង់ប្រកៀកស្មាខ្ញុំ ដែលកាយវិការនេះខ្ញុំមិនដែលទេ ក៏មិនចូលចិត្តដែរ ខ្ញុំទើសទាល់ណាស់ ប៉ុន្តែខ្ញុំបានត្រឹមងាគចេញ ហើយខំសើចយកចិត្តក្នុងន័យកុំអោយគាត់ខឹង ព្រោះមើលទៅវាមិនទំនងមែន។

អ្នកនាង ម៉េង កែវពេជ្ជតា និយាយាបន្តទៀតថា ក្រោយពីថតរួច ខ្ញុំក៏សំពះអរគុណ និងលាមកតុរបស់ខ្ញុំដែលមានបងៗខ្ញុំអង្គុយចាំ។ ក្រោយញ៉ាំអាហារសម្រន់ការឃ្លានបន្តិច ខ្ញុំក៏ឡើងច្រៀងជូនពរម្ចាស់ពិធី និងបានដើរត្រលប់បម្រុងមកអង្គុយតុ ស្រាប់តែភ្ញៀវដដែលដើរមករកខ្ញុំ ហើយសុំខ្ញុំថតរូបជាមួយបងប្រុសគាត់ម្តងទៀត។ ពេលនោះខ្ញុំក៏បានឆ្លើយយ៉ាងរហ័សថា ថតទៀតហើយ? តែក្រែងមុននេះ​ថតច្រើនប៉ុស្តិ៍ដែរមែនទេបង? ខ្ញុំសូមទោសកុំថតទៀតអី ថតរួចហើយ ប៉ុណ្ណឹងបានហើយ ខ្ញុំសូមអនុញ្ញាតិហូបបាយសិនណាបង។

តារាចម្រៀងដែលនូវតែរក្សាបានប្រជាប្រិយភាពអ្នកនាង ម៉េង កែវពេជ្ជតា បានរៀបរាប់ទៀតថា ស្រាប់តែភ្ញៀវនោះ​គាត់ប្រែទឹកមុខខឹងភ្លាម ហើយនិយាយពាក្យបំផ្លើសប្រាប់ទៅគ្នាគាត់ថា "គេមិនថតជាមួយបងឯងទេ គេថាមុខបងឯងមិនស្អាត គេថាបងឯងមិនសម​នឹងគេណ្ហើយមិនថតក៏បាន .." ។ ខ្ញុំនិងបងប្អូនម្ចាស់ពិធីឮហើយហួសចិត្តណាស់ ប៉ុន្តែពួកយើងខ្ជិលវែងឆ្ងាយ ចាត់ទុកថាគាត់ស្រវឹងទៅចុះ។

ប៉ុន្តែខ្ញុំមិនអស់ចិត្តទេ ព្រោះហេតុអីក៏គាត់កាឡៃពាក្យនៅនឹងមុខខ្ញុំទៅជារឿងផ្សេងទៅវិញ? ហើយការដែលខ្ញុំបដិសេធន៍ដូច្នេះ តើខុសដែរមែនទេ?។ លើសពីនេះតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានបន្ថែមថា ហេតុអីក៏សិទ្ធអ្នកសិល្បៈកាន់តែរួញខ្លីបែបនេះ? តើមកពីសិល្បៈគ្មានសិទ្ធឬក៏មកពីអ្នកនោះចង្អៀតចង្អល់? សោកស្តាយដែលខំឆ្លើយតបសំណូមពរប៉ុណ្ណឹងហើយ ចុងក្រោយនៅតែគេខឹងបាន.. ខ្ញុំចង់ប្រាប់ថា ខ្ញុំក៏ចេះខឹង និងចេះអន់ចិត្តដែរ។ ជាមួយគ្នានៃការលើកឡើងរបស់អ្នកនាង ម៉េង កែវពេជ្ជតា ខាងលើនេះ បានធ្វើអ្នកគាំទ្រច្រើន ធ្វើការរិះគន់មិនសំចៃមាត់លើចរិកបុគ្គលបែបនេះ៕