(ក្រុងរ៉ូម)៖ កីឡាករខ្សែប្រយុទ្ធ Cristiano Ronaldo នឹងត្រូវបានទុកឲ្យសម្រាកក្នុងសប្តាហ៍ទី១៨ ជើងទី១ នៃក្របខណ្ឌ កំពូលអ៊ីតាលី Serie A គ្រាដែលក្រុមជើងឯក សេះបង្កង់ Juventus ត្រូវជួបប្រកួតទល់នឹងម្ចាស់ផ្ទះ Atalanta យប់ថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ។

តារាឆ្នើម វ័យ៣៣ឆ្នាំ Ronaldo ត្រូវបានគ្រូបង្វឹក Massimiano Allegri ដាក់ឲ្យចូលលេងគ្រប់ការប្រកួតទាំងអស់ក្នុង Serie A ដោយរកបានជ័យជម្នះ ១៦ដង និងស្មើ១ដង មិនដែលចាញ់ឡើយ គិតចាប់តាំងពីរូបគេបានផ្ទេរពីក្លឹបអេស្ប៉ាញ Real Madrid នាខែកក្កដា ឆ្នាំ២០១៨ ក្នុងតម្លៃខ្លួនជាង ១០០លានដុល្លារអាមេរិក។

Ronaldo បានចូលលេងចំនួន ១៥២០នាទី និងរកគ្រាប់ស៊ុតបញ្ចូលទីបាន ១១គ្រាប់ជួយ Juventus កាន់កាប់កំពូល តារាង Serie A យ៉ាងរឹងមាំ ដោយមាន ៤៩ពិន្ទុ នាំមុខក្រុមលេខ២ Napoli ចំនួន ៨ពិន្ទុ។

យ៉ាងណាមិញ អតីតកីឡាករនៃក្លឹប Sporting Lisbon, Manchester United និង Real Madrid រូបនេះ បានខកខាន ១ប្រកួតនៅ UEFA Chapions League ដោយសារតែទទួលបានកាតក្រហម ពេល Juventus យកឈ្នះម្ចាស់ផ្ទះ Valencia នៅថ្ងៃបើកឆាកពានរង្វាន់អឺរ៉ុប និងជួយឲ្យក្រុមអ៊ីតាលីមួយនេះឡើងដល់វគ្គ ១៦ក្រុមចុងក្រោយផងដែរ៕