(ភ្នំពេញ)៖ សមាគមសិល្បករខ្មែរ ដែលមានអ្នកស្រី ចន ច័ន្ទលក្ខណា ជាប្រធាន មិននៅស្ងៀមឡើយ ដោយប្រកាសស្វែងរកយុត្តិធម៌ជូន ទេព បូព្រឹក្ស ភ្លាមៗ ជុំវិញករណី តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មហង្សមាសរូបនេះ ត្រូវបានបុរសម្នាក់ជះ និងគប់កំប៉ុងស្រាបៀរ ទៅលើរូបនាង ខណៈកំពុងច្រៀងលើឆាក។ ដោយករណីនេះ បានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពេញភោជនីយដ្ឋាន​មួយ​យីហោ​ «សមុទ្រ» ក៏ដូចជាអ្នកតាមដានបណ្តាញសង្គមហ្វេសប៊ុក។ ​

ជុំវិញករណី ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់កិត្តិយស ទេព បូព្រឹក្ស នេះ ត្រូវបានទស្សនិកជនរបស់នាង ជាពិសេសអ្នករួមអាជីពជាច្រើន សម្តែងនូវការឈឺចាប់ជំនួស រហូតមានតារាមួយចំនួន ស្រក់ទឹកភ្នែក ខណៈកំពុងទស្សនាវីដេអូ Live របស់ ទេព បូព្រឹក្ស អំឡុងពេលកើតហេតុ ព្រោះបើតាមអ្នកស្រី ចន ច័ន្ទលក្ខិណា បានឱ្យដឹងថា នេះជាលើកទីពីរហើយ ដែលតារាស្រីរូបនេះ ត្រូវបានគេ ធ្វើទង្វើរបែបនេះមកលើរូបនេះ។

មិនបង្អង់យូរឡើយ ប្រធានសមាគមសិល្បករខ្មែរ អ្នកស្រី ចន ច័ន្ទលក្ខិណា បានសរសេរប្រាប់ដល់មហាជន តាមរយៈបណ្តាញសង្គមថា «សូមបងប្អូនជួយស៊ែរម្នាក់មួយផង ដើម្បីជួយរកយុត្តិធម៌ជូនប្អូនស្រីទេព បូព្រឹក្ស បើក្នុងករណីគ្មានយុត្តិធម៌សម្រាប់ប្អូនស្រី Tep Boprek ទេ ស្អែកនេះ សមាគមសិល្បករខ្មែរ នឹងឱ្យមេធាវីទំនាក់ទំនងរកជនបង្កររួមទាំងបក្សពួក»។ បន្ថែមពីនេះ លោក ហេង ឡុង បានសង្កត់ធ្ងន់តាមរយៈ Comment ថា «យុត្តធម៌ត្រូវតែមាន ​ទុកចិត្តចុះ»

ទន្ទឹមនឹងរឿងរ៉ាវ ដែលមានការចាប់អារម្មណ៍ខ្លាំង ពេញបណ្តាញសង្គមនេះផងដែរ មិនត្រឹមតែធ្វើឱ្យសាមីខ្លួន កញ្ញា ទេព បូព្រឹក្ស ផ្ទាល់នោះទេ មានការឈឺចាប់នោះទេ ថែមទាំងមានអ្នកសិល្បៈជាច្រើន បានកើតទុកមិនសុខចិត្ត ព្រមទាំងនាំគ្នា ប្រកាសស្វែងរកយុតិ្តធម៌ឱ្យបាន សម្រាប់តារាស្រីរូបនេះ ព្រោះទង្វើរជះ និងគប់កំប៉ុងស្រាបៀរលើរូបនាងបែបនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ ដល់កិត្តិយសនាង ជាតារាចម្រៀងនោះទេ ថែមទាំងជាការមើលងាយ មិនឱ្យតម្លៃស្រ្តីភេទទៀតផង។

គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង កាលពី​វេលាម៉ោង​១០៖០៥នាទីយប់​ ថ្ងៃអង្គារ៍​ ទី២៥ ខែធ្នូ​ ឆ្នាំ២០១៨នេះ នៅចំណុចភោជនីយដ្ឋាន​មួយ​យីហោ​ «សមុទ្រ»​ ស្ថិតនៅជិតមន្ទីរពេទ្យ​កុមារជាតិ​ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។ រហូតមកទល់នឹងពេលនេះ គេមិនទាន់ស្គាល់អត្តសញ្ញាណជនបង្ករនៅឡើយទេ ហើយសម្រាប់ការដោះស្រាយ សម្រេចយ៉ាងណានោះ ក៏មិនទាន់មានការបញ្ជាក់ ឬបង្ហាញប្រាប់ពីជនរកគ្រោះនោះដែរ៕