(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅថ្ងៃទី២៥ ខែធ្នូនេះ បានបើកកិច្ចប្រជុំ ស្ដីពីរបាយការណ៍វឌ្ឍនភាពកីឡាស៊ីហ្គេម SEA Games 2023 ក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ហើយលោក​បានក្រើនរំឭកគ្រប់សហព័ន្ធកីឡាជាតិ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះផែនការត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅលើទឹកដីកម្ពុជា។

កិច្ចប្រជុំនេះ បានធ្វើឡើងដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងតំណាងសហព័ន្ធកីឡាជាតិជាច្រើន ដោយមានការចូលរួមចែករំលែកបទពិសោធន៍ពីលោក Gunter Iange អ្នកឯកទេសរៀបចំ​ព្រឹត្តិការណ៍កីឡាអន្ដរជាតិ មកពីប្រទេសអាល្លឺម៉ង់ និងលោក Diamil អ្នកឯកទេសផ្នែកកីឡាមកពីប្រទេសសេណេហ្គាល់។

លោក Gunter lange បានលើកឡើងថា ការធ្វើជាម្ចាស់ផ្ទះ មិនមែនជារឿងលេងសើច ឬធ្វេសប្រហែសបានទេ ត្រូវមានផែនការច្បាស់លាស់ ពិសេស​សហព័ន្ធផ្ទាល់ ត្រូវបង្កើតលទ្ធភាព និងរៀបចំផែនការខ្លួនឯង ទោះបីកម្ពុជាមានផែនការមេស៊ីហ្គេមក៏ដោយ។ ប៉ុន្ដែផ្អែក​លើ​របាយការណ៍ដែលទទួលបានពីសហព័ន្ធកីឡាជាតិកម្ពុជា គឺមានសហព័ន្ធ ៣ប៉ុណ្ណោះ ដែលបានរៀបចំផែនការរយៈពេល ២ឆ្នាំកន្លង គឺមានសហព័ន្ធកីឡាបាល់ទាត់ គុនដាវ និងកីឡាកាយសម្ព័ន្ធ ខណៈសហព័ន្ធផ្សេងៗមិនទាន់ធ្វើនៅឡើយ។

ជាមួយនឹងភាពយឺតយ៉ាវក្នុងការរៀបចំរបាយការណ៍របស់សហព័ន្ធកីឡាជាតិ ត្រូវបានលោករដ្ឋមន្ដ្រី ថោង ខុន ចាត់ទុកជារឿងធ្វេសប្រហែសមួយ ដែលសហព័ន្ធត្រូវយកចិត្តទុកដាក់ឡើងវិញ ហើយលោកបានទុកពេលឲ្យគ្រប់សហព័ន្ធធ្វើរបាយការណ៍ឲ្យរួចក្នុងត្រឹមខែមករា ឆ្នាំ២០១៩។ លោកថាបើសហព័ន្ធមិនព្រមធ្វើរបាយការណ៍សកម្មភាព ហិរញ្ញវត្ថុ និងបច្ចេកទេសនោះទេ មានន័យថា សហព័ន្ធមិនបាន​អនុវត្ដន៍តាមផែនការមេស៊ីហ្គេមឡើយ ហើយដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ក៏រាំងស្ទះតាមហ្នឹងដែរ។

បន្ថែមលើនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានរំឭកជាថ្មីថា ក្នុងផែនការមេស៊ីហ្គេម មានចំណុចសំខាន់ជាច្រើន ដែលសហព័ន្ធត្រូវយកចិត្តទុកដាក់ ដូចជាចំណុចត្រូវជជែកជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម (CAMSOC) យុទ្ធសាស្ដ្រយកប្រៀប ផែនការដណ្ដើមមេដាយ និងការវាយតម្លៃសហព័ន្ធស្ដង់ដារជាដើម។ លោកថា បច្ចុប្បន្នកម្ពុជាមានកីឡា ៣៥ប្រភេទ ស្ថិតក្នុងផែនការមេស៊ីហ្គេម តែមិនប្រាកដគ្រប់ប្រភេទមានក្នុងស៊ីហ្គេមនោះទេ គឺអាស្រ័យលើការខំប្រឹងប្រែងរបស់កីឡានីមួយៗ។

ទន្ទឹមជាមួយគ្នាលោក ស សុខា បានធ្វើការស្ដីបន្ទោសសហព័ន្ធកីឡាមួយចំនួន ដែលបានយកផែនការមេស៊ីហ្គេមមកទុកចោល មិនព្រមអនុវត្ត ជាក់ស្ដែងសហព័ន្ធកីឡាខ្លះ ក្រសួងអប់រំខំចំណាយលុយយ៉ាងច្រើន ក្នុងការបណ្ដុះបណ្ដាលថ្នាល តែមកទល់ពេលនេះ ហាក់មិនទាន់ទទួលបានលទ្ធផល អាចឆ្លើយតបនឹងការចំណាយរបស់ក្រសួងបានទេ។ ត្រង់ចំណុចនេះ លោកបានស្នើឲ្យសហព័ន្ធមួយចំនួនត្រូវពិចារណាឡើងវិញ ហើយលោកនឹងដឹកនាំមន្ដ្រីជំនាញចុះត្រួតពិនិត្យគ្រប់សហព័ន្ធ ដើម្បីធ្វើកែណែទម្រង់ និងជំរុញការអភិវឌ្ឍន៍ឲ្យមានប្រសិទ្ធភាពឡើងវិញ៕