(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រដាល់ Khmer Fight នឹងមានកីឡាករប្រដាល់អន្តរជាតិ ៦រូបប៉ះគ្នាយ៉ាងកក្រើកនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅសង្វៀនស្ថិតពហុកីឡាដ្ឋានជាតិមរតកតេជោ ដើម្បីជាការអបអរសាទរពិធីសម្ពោធវិមានឈ្នះ ឈ្នះ និងខួបលើកទី២០ឆ្នាំ នៃទិវានយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាល។

អ្នកនាង រស់ ម៉ាឡែន ប្រធានគ្រប់គ្រងផ្នែកទីផ្សារស្ថានីយទូរទស្សន៍លេខ៥ បានឱ្យដឹងថា ដើម្បីអភិរក្ស ថែរក្សា មរតកសិល្បៈការតស៊ូរបស់ខ្មែរ ដែលមានតាំងពីបុរាណកាលមកឲ្យនៅគង់វង្ស និង ផូរផង់ក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា និងជាពិសេស ដើម្បីលើកតម្កើងលើកស្ទួយ មរតកក្បាច់គុណខ្មែរឲ្យរីកចំរើនឆ្ពោះទៅកាន់ពិភពលោក ឲ្យពិភពលោកបានស្គាល់យ៉ាងច្បាស់ នូវអត្តសញ្ញាណសិល្បៈក្បាច់គុនរបស់ខ្មែរនៅលើឆាកអន្តរជាតិផងនោះ ស្ថានីយ៍ទូរទស្សន៍ កងយោធពលខេមរភូមិន្ទ ប៉ុស្តិ៍លេខ៥ ដោយមានការគាំទ្រយ៉ាងពេញទំហឹង ពីក្រសួងអប់រំ យុវជន និង កីឡា គណៈកម្មការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធប្រដាល់គុនខ្មែរ បានរៀបចំបើកទំព័រសគ្គរាជថ្មីនៃការប្រកួតប្រដាល់ «Khmer Fight»។

អ្នកគ្រប់គ្រងទូទៅរបស់ស្ថានីយទូរទស្សន៍លេខ៥ រូបនេះបានបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏ធំ និងដំបូងបង្អស់នៅក្នុង ព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ចាប់ពីម៉ោង ២០៖០០នាទីយប់តទៅនៅពហុកីឡាដ្ឋានជាតិ មរតកតេជោ ដើម្បីចូលរួមអបអរសាទរ ពិធីសម្ពោធ វិមានឈ្នះ ឈ្នះ និងខួបលើកទី២០ឆ្នាំ នៃទិវានយោបាយ ឈ្នះ ឈ្នះ។ Khmer Fight ជាព្រឹត្តិការណ៍ដ៏ធំនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នឹងមានកីឡាករប្រដាល់ល្បីៗ នៃព្រះរាជាណា ចក្រកម្ពុជាចំនួន ៦រូប ជួបប្រកួតជាមួយ កីឡាករល្បីៗមកពីប្រទេសថៃ ២រូប មកពីប្រទេសទុយណេស៊ី ២រូប និង មកពីប្រទេសម៉ារ៉ុក ២រូប។

សូមបញ្ជាក់ថា ស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទ ប៉ុស្តិ៍លេខ៥ ធ្វើការផ្សាយផ្ទាល់ពីព្រឹត្តិការណ៍នេះ និង ដើម្បីអបអរសាទរ ព្រមទាំងលើកទឹកចិត្តដល់កីឡាករ សូមអញ្ជើញចូលរួមបើកទំព័រសករាជថ្មីនៃការប្រកួត «Khmer Fight» និងចូលរួមទស្សនាផ្ទាល់នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ចាប់ពីវេលាម៉ោង ២២៖០០នាទីយប់តទៅនៅសង្វៀន ពហុកីឡដ្ឋានជាតិមរតកតេជោ៕