(ភ្នំពេញ)៖ ទីបំផុតដូចអ្វីដែលធ្លាប់បានប្រកាសព្រមានជាសាធារណៈ គឺពេលនេះតារាចម្រៀងប្រុសលោក ម៉ៃ សុគន្ធ បានទម្លាយនូវពាក្យបណ្តឹងប្តឹងជាផ្លូវការលើបុរសម្នាក់ ដែលប្រើប្រាស់ Account Facebook ឈ្មោះ Vutha FC ដែលបានចូល Comment និងផ្ញើសារតាមបណ្តាញសង្គមហ្វេសប៊ុក មកជេរប្រមាថរួមទាំងការប្រើពាក្យសម្តីគំរាមកំហែងចំពោះសុវត្ថិភាពផ្ទាល់ខ្លួន។

បង្ហោះភ្ជាប់មកជាមួយពាក្យបណ្តឹង ដែលបានដាក់ចូលទៅក្នុងនាយកដ្ឋានប្រឆាំងបទល្មើសបញ្ចេកវិទ្យា នៃក្រសួងមហាផ្ទៃតារាចម្រៀងលោក ម៉ៃ សុគន្ធ បានបញ្ជាក់ថា​ ​​«ប្តឹងអ្នកឯងម្តងកុំអោយចេះតែដើរជេរប្រមាថតាមតែក្បាលវ៉ាលចិត្ត» នៅក្នុងពាក្យប្តឹង​ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ដែលតារាចម្រៀងលោក ម៉ៃ សុគន្ធ បានប្តឹងទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសបញ្ចេកវិទ្យា នៃក្រសួងមហាផ្ទៃបានរៀបរាប់ថា៖ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ កន្លងមកនេះ មានគណនីហ្វេសប៊ុកឈ្មោះ Vutha FC បានចូលមកបញ្ចេញមតិ (Comment)ដោយជេរប្រមាថមកលើខ្លួន តាមរយៈបណ្តាញសង្គមហ្វេសប៊ុកជាសាធារណៈ ហើយព្រមទាំងផ្ញើសារតាមឆាតមកគំរាមកំហែងដល់សុវត្ថិភាពផ្ទាល់ខ្លួនទៀតផង។

ផ្អែកតាមពាក្យបណ្តឹងរបស់លោក ម៉ៃ សុគន្ធ ដដែលនេះបានបញ្ជាក់ទៀតថា ខ្ញុំពិតជាមិនដែលស្គាល់គណនីហ្វេសប៊ុកឈ្មោះ Vutha FC ពីមុនទេ។ ខ្ញុំពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះបើតាមមើលនៅលើគណនីហ្វេសប៊ុករបស់ជននេះ គឺមានបក្សពួកជាច្រើនដែលមើលទៅគួឲ្យព្រួយបារមណ៍។ ហេតុនេះខ្ញុំសូមណូមពរដល់សមត្ថកិច្ចមេត្តាស្រាវជា្រវរកម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Vutha FC ខាងលើនេះ មកចាត់ការតាមនីតិវិធីច្បាប់។ ដោយលោកនឹងចោទប្រកាន់ពីរករណី៖ «១,ជេរប្រមាថជាសាធារណៈ។ ២,ឆាតគំរាមកំហែង …»។

លោកម៉ៃសុគន្ធ នៅព្រឹកថ្ងៃទី២៥ ខែធ្ នូឆ្នាំ២០១៨នេះ តាមរយៈការផ្តល់សម្ភាសន៍មិនបាននិយាយអ្វីបញ្ជាក់ច្រើន លើករណីបណ្តឹងខាងលើនេះទេ ពោលគឺលោកគ្រាន់តែនិយាយដោយខ្លីថា ទុកឲ្យមេធាវី និងច្បាប់ជាអ្នកដោះស្រាយ។ ចំណែកឯរឿងផ្សេងទៀត​ លោកនឹងនិយាយលម្អិតនៅពេលក្រោយ។

សូមបញ្ជាក់ថា ការផ្ទុះប្រតិកម្មរហូតដល់ការចេញមុខប្តឹងពីសំណាក់តារាចម្រៀងលោក ម៉ៃ សុគន្ធ លើបុគ្គលខាងលើនេះ បានធ្វើឡើងបន្ទាប់ពីម្ចាស់ Account Facebook ឈ្មោះ Vutha FC បានចូលទៅ Comment និងឆាតនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយការជេប្រមានពាក្យសម្តីធ្ងន់រហូតទទួលយកមិនបាន។ ពិសេសក៏ធ្វើឲ្យប៉ះពាល់ដល់ផ្លូវអារម្មណ៍ ព្រោះតែគិតពីសុវត្ថិភាពផ្ទាល់ខ្លួនផងនោះ៕