(ភ្នំពេញ)៖ កីឡាករ ធារី ចន្ថាប៊ីន ខ្សែបម្រើកូនកាត់ខ្មែរ-បារាំង បានបន្តកិច្ចសន្យាថ្មីសម្រាប់រដូវកាលឆ្នាំ២០១៩ ខាងមុខ នៅលីគកំពូលម៉ាឡេស៊ី Malaysia Super League ជាមួយក្លឹប Terengganu FC ដែលកំពុងកាន់កំណត់ត្រាថ្មីក្នុងនាមជាកីឡាករកម្ពុជា លេងបាន ២រដូវកាលក្នុងក្លឹបដដែលនៅក្រៅប្រទេស។

ធារី បានបង្ហាញទម្រង់លេងទាក់ចិត្តគ្រូបង្វឹកក្នុងតំបន់បម្រើការពារ តាមរយៈការបង្ហាញខ្លួនស្ទើរគ្រប់ការប្រកួត និងតែងតែជាប់ជម្រើស ១១នាក់ដំបូងជានិច្ច និងជាពិសេសរូបគេបានជួយឲ្យក្រុមមួយនេះបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Malaysia Cup 2018 ថែមទៀតផង បើទោះបីជាពុំឈ្នះជើងឯកក៏ដោយ។

បន្ថែមលើនេះ ធារី ចន្ថាប៊ីន ក៏បានឈ្នះពានរង្វាន់ BEST XI ក្នុងនាមជាកីឡាករ ១១នាក់ ល្អបំផុតចុងក្រោយ នៃក្របខណ្ឌលីគកំពូលម៉ាឡេស៊ីទៀតផង ហើយបានក្លាយជាកីឡាករកម្ពុជា ដំបូងគេដែលប្រកបអាជីពនៅលីគដដែលបាន ២រដូវកាលជាប់ៗគ្នា បន្ទាប់ពីរូបគេបានចុះកិច្ចសន្យាថ្មីបន្ថែម ១រដូវកាលទៀតកាលដើមខែវិច្ឆិកា ឆ្នាំ២០១៨៕