(ភ្នំពេញ)៖ កីឡាករខ្សែការពារ ស្រាំង ទិត្យឈី បានបើកកកាយរឿងរ៉ាវក្នុងចិត្តយ៉ាងច្រើនពីលោក ឫទ្ធី សំណាង ក្នុងខណៈប្រធានក្លឹបភ្នំពេញក្រោនរូបនេះ តែងតែប្រៀនប្រដៅកូនក្រុមឲ្យធ្វើជាមនុស្សល្អក្នុងសង្គម។

យុវជនមានប្រភពមកពីខេត្តស្ទឹងត្រែងនិយាយថា «គាត់បង្រៀនយើងឲ្យក្លាយជាមនុស្សល្អ ពីការដេក ដើរ ឈរ អង្គុយ ការសិក្សារៀនសូត្រ ការជួយការងារ និងចែករំលែកដល់សង្គម។ គាត់ក៏បានចំណាយពេលវេលា ថវិកាផ្ទាល់ខ្លួនជួយដល់ក្មេងៗតាំងពីដើមមក ដូចខ្ញុំដែលគាត់ជួយតាំងពីក្មេងមិនទាន់មានឱកាស រហូតដល់បានលេងនៅក្របខណ្ឌលីគកំពូល។ ខ្ញុំគិតថា នេះជាការលះបង់ដ៏ធំធេងសម្រាប់ខ្ញុំ ក្រុមរបស់ខ្ញុំ និងបាល់ទាត់នៅកម្ពុជា»

អតីតកីឡាករក្នុងឈុតជម្រើសជាតិ U13 ដល់ U16 រូបនេះបានបន្ថែមថា ៣ឆ្នាំចុងក្រោយនេះ លោក ឫទ្ធី សំណាង បានផ្ដល់ឱកាសដល់យុវជនជាច្រើនបានបង្ហាញសមត្ថភាពក្នុងក្រុមធំភ្នំពេញក្រោន ដោយមិនគិតពីលទ្ធផល។ កីឡាករវ័យ២០ឆ្នាំអះអាងថា ប្រធានក្លឹបដែលមានងារជាឧកញ៉ាខាងលើផងនោះបានលះបង់ធំធេងដល់វិស័យបាល់ទាត់កម្ពុជា និងពួកគេដែលជាកូនក្រុម។

ខ្សែការពារ ស្រាំង ទិត្យឈី ស្ថិតក្នុងចំណោមយុវជនដែលភ្នំពេញក្រោនចម្រាញ់ចេញពីការធ្វើតេស្ដទូទាំងប្រទេស កាលឆ្នាំ២០១១កន្លងទៅ៕