(ភ្នំពេញ)៖ តារាចម្រៀងប្រុសប្រចាំផលិតកម្ម រស្មីហង្សមាស លោក នី រតនា និងអនាគតភរិយា របស់លោក កញ្ញា ហេង សុវណ្ណភក្តិណា ដែលត្រូវបានគេដឹងថា ជាកូនស្រីអ្នកជំនួញស្តុកស្តុម បានសាងចំណងស្នេហ៍រួមគ្នា អស់រយៈពេល៣ឆ្នាំ និងបានភ្ជាប់ពាក្យ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ ។ យ៉ាងណាមិញ ក្រោយពីភ្ជាប់ពាក្យរួច ខណៈនេះផងដែរ តារាចម្រៀងប្រុសរូបនេះ ក៏បាន កំណត់យកថ្ងៃរៀបអាពាហ៍ពិពាហ៍ នៅដើមឆ្នាំ២០១៩នេះ ពោលគឺនៅថ្ងៃទី១៨ ខែមករានេះ។

ជាការពិត ថ្មីៗនេះ នី រតនា បានបង្ហាញ រូបថត Pre-Wedding យ៉ាងស្រស់ស្អាត ជាមួយនឹងអនាគតភរិយា ឲ្យទស្សនិកជន បានជ្រាបរួចមក ខណៈនេះ តារាចម្រៀងប្រុស លោក នី រតនា និងគូដណ្តឹង ក៏បានកំណត់ថ្ងៃរៀបអាពាហ៍ពិពាហ៍ ដោយបានធ្វើការចែកធៀប ដល់ភ្ញៀវកិត្តិយសជាច្រើននាក់ ក្នុងនោះ ក៏នឹងមានវត្តមាន កំពូលតារាចម្រៀង ក៏ដូចជាមិត្តៗក្នុងចង្កោមសិល្បៈ និងភ្ញៀវកិត្តិយស ជាអ្នកមានមុខមាត់ក្នុងសង្គមជាច្រើននាក់ ។

ប្រិយមិត្តទស្សនិកជន អ្នកគាំទ្រ ជាពិសេសអ្នកនៅក្នុងរង្វង់សិល្បៈយ៉ាងច្រើន បានចូលរួមអបអរសាទរ ព្រមទាំងជូនពរ ដល់តារាចម្រៀងរូបនេះ និងអនាគតភរិយា ឲ្យមានសុភមង្គល និងស្រលាញ់គ្នា ជារៀងរហូតផងដែរ។

គួរបញ្ជាក់ថា ថ្ងៃរៀបអាពាហ៍ពិពាហ៍ របស់ នី រតនា និងអនាគតភរិយារបស់លោក កញ្ញា ហេង សុវណ្ណភក្តិណា នឹងត្រូវប្រារព្ធឡើង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅឯ ដឺព្រេមៀ សេនធ័រ សែនសុខ ចំនួន២អាគារជាប់គ្នា៕