(អាមេរិក)៖ ខណៈកំពុងដើរផ្សារទិញរបស់របរផ្សេងៗជាមួយ Pax កូនប្រុសអាយុ ១៥ឆ្នាំ កាលពីថ្ងៃទី២២ ខែធ្នូ កន្លងទៅ Angelina Jolie ទំនងជា​មានអារម្មណ៍ស្រស់ស្រាយច្រើន។ នេះមិនមែនជាលើកទីមួយទេដែលតារាហូលីវូតវ័យ ៤៣ឆ្នាំរូបនេះចំណាយ​ពេលវេលាដើរ​ទិញឥវ៉ាន់នារដូវកាលឈប់សម្រាកជាមួយកូន ហើយកាលពីដើមខែនេះ Angelina Jolie ត្រូវ បានគេមើលឃើញថា នាងក៏បាន​ចំណាយពេលដើរទិញឥវ៉ាន់នៅហាង The Grove ក្នុងទីក្រុង Los Angeles ជាមួយ កូនៗរបស់នាងដែរដូចជា Shiloh ព្រមទាំង​កូនភ្លោះអាយុ១០ឆ្នាំគឺ Knox និង Vivienne ។

ការបង្ហាញមុខនៅតាមទីសាធារណៈរបស់ Angelina និងកូនៗ នាពេលថ្មីៗនេះ ក្រោយពេលដែលនាងបានចុះកិច្ចសន្យាព្រមព្រៀងជាមួយ អតីត​ស្វាមី Brad Pitt បន្ទាប់ពីការតស៊ូក្តីលើករណីសុំសិទ្ធិមើលថែកូនជាយូរមកហើយ។

ទោះបីជា Brad Pitt ទទួល បានពេលវេលាដែលនៅជាមួយកូនតិចជាង ៥០% ក៏ដោយ ប៉ុន្តែលោកបានបំពេញតួនាទីដ៏ល្អនេះជាមួយអតីតភរិយា ដើម្បី​ប្រយោជន៍ដល់កូនទាំង ៦នាក់ ហើយសង្ឃឹមថា ជម្លោះលែងលះរវាងលោកនិង Angelina នឹងបានបញ្ចប់ឆាប់ៗ៕