(ឥណ្ឌា)៖ វីដេអូមួយ បានបង្ហាញឲ្យឃើញពីសកម្មភាពរបស់ហ្វូងមនុស្សមួយក្រុម បាននាំគ្នា ចាប់សត្វដំរី កាត់យកភ្លុក និង ដុសខាត់ភ្លុតដំរី ដើម្បីបំពាក់គ្រឿងលម្អឲ្យ ដែលសកម្មភាពទាំងនេះ ត្រូវបានក្រុមអ្នកការពារសត្វព្រៃ មានការព្រួយបារម្ភយ៉ាងខ្លាំង។ ទង្វើដ៏ឃោរឃៅមួយនេះ បានកើតឡើងនៅតំបន់ភាគខាងត្បួង ប្រទេសឥណ្ឌា។ ក្រុមមនុស្សទាំងនោះ បានធ្វើសកម្មភាព កាត់ និង អារ ភ្លុកដំរី ជាកង់ៗ ដូចជាដុំឈើ រួចភ្លុកដែលនៅជាប់នឹងក្បាលដំរី ត្រូវបានពួកគេ យក ឧបករណ៍មកចាំង ដើម្បីធ្វើឲ្យរលោង ខណៈសកម្មភាពមួយនេះ ធ្វើឲ្យអ្នកទស្សនា មានការអាណិតអាសូរ ដល់សត្វដំរីជាពន់ពេក។ នៅអំឡុងពេលដែលក្រុមមនុស្សធ្វើសកម្មភាពដ៏ឃោរឃៅទាំងនេះ មកលើសត្វដំរីនោះ ដំរីមានអាយុ២៦ ឆ្នាំ ត្រូវបានពួកគេចងឲ្យដេកដួលនៅលើដី ហើយមិនអាចរើបម្រាស់អ្វីបាននោះឡើយ។ ការធ្វើបែបនេះ គឺមានគោលបំណងដើម្បីយកចេញនូវភ្លុកដែលខូចខាត ចេញពីផ្នែកមួយចំនួន នៃភ្លុកសត្វដំរី៕