(ភ្នំពេញ)៖ អ្នកចាំទីវ័យក្មេងរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ឈិន ឆៃនុត បានសម្តែងអារម្មណ៍រីករាយដែលបានហ្វឹកហាត់ជាមួយក្រុមគ្រូបង្វឹកថ្មី Luis Fernando Vitorino របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនសម្រាប់ត្រៀមរដូវកាលថ្មីឆ្នាំ២០១៩ ខាងមុខ។

ឆៃនុត បានថ្លែងប្រាប់វេបសាយផ្លូវការរបស់ក្លឹបថា ក្រោយពីបានហ្វឹកហាត់ជាមួយលោក Fernando Vitorino មួយរយៈនេះ ឆៃនុត បានយល់ឃើញថា សម្រាប់គ្រូអ្នកចាំទីថ្មីនេះគឺគាត់មានការហ្វឹកហាត់ខ្លាំង ហើយខ្ញុំក៏មានការអភិវឌ្ឍន៍ខ្លួនល្អជាងមុនដែរ ព្រោះ Luis គាត់ព្យាយាមធ្វើតាមអ្វីដែលពួកខ្ញុំចង់បាន ឧទាហរណ៍ដូចជា ខ្ញុំអន់បាល់ខាងលើ ដូច្នេះគាត់ផ្តោតខ្លាំងលើលំហាត់ដែលលេងបាល់លើច្រើន ចំពោះខ្ញុំផ្ទាល់។

កីឡាករចាំទី ឈិន ឆៃនុត បានផ្ទេរមកលេងជាមួយក្រុមភ្នំពេញក្រោន ក្នុងឆ្នាំ២០១៧ ហើយរូបគេក៏មានឱកាសក្នុងការបង្ហាញខ្លួនក្នុងឈុតធំដែរ ដ្បិតក្លឹបមានទីតាំងនៅភ្នំពេញមួយនេះបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៥៕