(ថៃ)៖ ក្រោយពីធ្វើការលែងលះស្វាមីដាច់ស្រេច និងមានកូនស្រីម្នាក់ក្នុងបន្ទុក តារាសម្តែងស្រី Aff Taksaorn ត្រូវបានទស្សនិកជនជាច្រើន គាំទ្រឱ្យនាង ទាក់ទងគ្នា ជាមួយនឹងតារាសម្តែងប្រុស លោក Tang Saksit។ ការជំរុញបែបនេះពីទស្សនិកជន បន្ទាប់ពីគេសង្កេតឃើញថា តារាប្រុសស្រីទាំងពីររូបនេះ មានការស័ក្តសមគ្នាយ៉ាងខ្លាំង ពេលបណ្តើរគ្នាទៅចូលរួមកម្មវិធីសិល្បៈផ្សេងៗ ប្រៀបបាននឹងគូស្នេហ៍ថ្មីថ្មោង។

ជាក់ស្តែង ថ្មីៗនេះ មហាជនមើលឃើញថា តារាប្រុស លោក Tang Saksit និងAff Taksaorn រួមទាំអកូនស្រីម្នាក់ ថតរូបជុំគ្នានៅក្នុងពិធីមង្គលការរបស់លោក Push Puttichai និងនាង Jooy Warattaya ខណៈទស្សនិកជនកាលដែលបានឃើញរូបទាំងនេះហើយ ពួកគេយល់ថា ពិតជាផ្អែមល្ហែម និងមានសុភមង្គល ដ៏គ្រួសារមួយអ៊ីចឹង។

តែយ៉ាងណា ទាក់ទងនឹងរឿងនេះ លោក Tang Saksit បានបញ្ជាក់ប្រាប់ព័ត៌មានក្នុងស្រុកមួយថា «នៅពេលដែលខ្ញុំចាស់ទៅ ខ្ញុំមិនបានគិត អំពីការរៀបការនោះទេ ខ្ញុំគ្រាន់តែមានមិត្តស្រី ហើយរស់នៅជាមួយគ្នា។ ខ្ញុំពិត ជាមិនបានដឹង ហើយក៏មិនដឹងថា ត្រូវនិយាយដោយរបៀបណាដែរ ។ ប្រសិនបើខ្ញុំ និង Aff Taksaorn និយាយគ្នាត្រូវចិត្ត ហើយធ្វើឲ្យពួកយើងសប្បាយចិត្ត វាពិតជាល្អណាស់។ ហើយបើសួរខ្ញុំថា ខ្ញុំឯកាឬអត់ ពិតណាស់ខ្ញុំចាប់ផ្តើមមានអារម្មណ៍ឯការ បន្ទាប់ពីមិត្តរបស់ខ្ញុំមានគ្រួសារអស់ទៅ»

ទោះបីជាមានការ ជំរុញឱ្យតារាប្រុសស្រីទាំងពីរទាក់ទងគ្នា ក៏ពិតមែន តែគេនៅមិនទាន់ដឹងនៅឡើយទេ ថាស្នេហារវាងមេម៉ាយ Aff Taksaorn ទាក់ទងជាមួយតារាប្រុស Tang Saksit អាចទៅរួចឬអត់ ព្រោះបើគិតមកទល់នឹងពេលនេះ មិនទាន់មានការចេញមុខមកបកស្រាយពីសំណាក់ តារាស្រី Aff Taksaorn នៅឡើយទេ៕