(ភ្នំពេញ)៖ សល់រយៈពេលតែ ៤ថ្ងៃទៀតប៉ុណ្ណោះ កម្មវិធីជិះកង់កម្សាន្ដ ដើម្បីអបអរសាទរពិធីសម្ពោធវិមាន ឈ្នះ ឈ្នះ និងខួប ២០ឆ្នាំ នៃនយោបាយឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នឹងមកដល់ហើយ ពោលគឺនៅថ្ងៃទី២៨ ខែធ្នូខាងមុខ ស្របពេលទិន្នន័យអ្នកចូលរួមកំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់ទាំងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

ប៉ុន្ដែមុនដល់ថ្ងៃកម្មវិធី សូមថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទាំងអស់មកស្គាល់ផ្លូវជិះកង់ជាមុនសិន។ បើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទាំងអស់ត្រូវជុំគ្នានៅពហុកីឡដ្ឋានជាតិនាម៉ោង ៥ព្រឹក បន្ទាប់មកចេញដំណើរនាម៉ោង ៦ព្រឹក។ ចំពោះផ្លូវត្រូវធ្វើដំណើរ គឺចេញពីពហុកីឡដ្ឋានជាតិ ដល់ស្ដុបនាងគង់ហ៊ីង បត់ឆ្វេងតាមផ្លូវ១៦៩ ឬផ្លូវមុខសាលាបាក់ទូក ហើយឆ្លងមហាវិថីសហព័ន្ធរុហ្ស៊ី ធ្វើដំណើរតាមផ្លូវបឹងកក់។

បន្ទាប់ពីធ្វើដំណើរដល់ស្ដុប សូមបត់ស្ដាំតាមបណ្ដោយផ្លូវឧកញ៉ាឃ្លាំងមឿង ឬផ្លូវ៧០ កាត់មុខពហុកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្ដាតចាស់) រហូតដល់រង្វល់មូលគល់ស្ពានជ្រោយចង្វា និងជិះឆ្លងស្ពាន ហើយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦A រហូតដល់ស្ដុបកែងផ្លូវឧកញ៉ា លី យ៉ុងផាត់ ទើបបត់ឆ្វេង នឹងបន្ដដំណើររហូតដល់វិមានឈ្នះឈ្នះ ដែលស្ថិតនៅក្បែរពហុកីឡដ្ឋានជាតិមរតកតេជោ តំបន់អភិវឌ្ឍន៍ឧកញ៉ា លី យ៉ុងផាត់។ សរុបផ្លូវត្រូវជិះមានចម្ងាយ ១៨គីឡូម៉ែត្រ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា «មកទល់ពេលនេះមានថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋរាប់រយនាក់ហើយ ដែលបានត្រៀមខ្លួនចូលរួម ក្នុងនោះក៏មានវត្ដមានថ្នាក់ដឹកនជាច្រើនផងដែរ ដូចជាទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល, ឯកឧត្តមរដ្ឋមន្ដ្រី ប៉ាន់ សូស័ក្ដិ, រដ្ឋមន្ដ្រី សុខចិន្ដា សោភា និងថ្នាក់ដឹកនាំមួយចំនួនទៀត។ ដូច្នេះសូមឯកឧត្តម ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដែលមានបំណងចង់ចូលរួម កុំភ្លេចចូលរួមឲ្យបានច្រើនកុះករ ដើម្បីចូលរួមអបអរសាទរសំណង់ប្រវត្តិសាស្ដ្រ គឺវិមាន ឈ្នះ ឈ្នះ នេះពេលខាងមុខ»

គួរបញ្ជាក់ថា វិមាន ឈ្នះ ឈ្នះ នឹងប្រារព្ធពិធីសម្ពោធផ្លូវការនាថ្ងៃទី២៩ ខែធ្នូ ត្រូវនឹងថ្ងៃខួបលើកទី២០ឆ្នាំ ដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប ២០ឆ្នាំ នៃគោលនយោបាយ ឈ្នះ ឈ្នះ (ឆ្នាំ១៩៩៨-២០១៨) របស់សម្ដេចតេជោ ហ៊ុន សែន។ ប៉ុន្ដែដើម្បីអបអរពិធីជាប្រវត្តិសាស្ដ្រនេះ គណៈកម្មការអន្ដរក្រសួង បានសម្រេចរៀបចំកម្មវិធីរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៨-៣១ ខែធ្នូ ដោយមានសកម្មភាពជាច្រើន ក្នុងនោះក៏មានសកម្មភាពកីឡាផងដែរ ស្របពេល NOCC បានត្រៀមកីឡាចំនួន ១២ប្រភេទ ដើម្បីប្រកួត និងសម្ដែងអបអរសាទរ ក៏ដូចជាផ្ដល់ភាពសប្បាយរីករាយដល់អ្នកចូលរួមនាឱកាសនោះ៕