(ភ្នំពេញ)៖ ការប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកជាតិ ឆ្នាំ២០១៨ បានបញ្ចប់ហើយ ដោយទទួលបាននូវផ្លែផ្កាថ្មីៗមួយចំនួន សម្រាប់ជាក្ដីសង្ឃឹមឆ្ពោះទៅរកភាពជោគជ័យនាថ្ងៃអនាគត ពិសេសការត្រៀមស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ ការប្រកួតនេះបានធ្វើឡើង ១ថ្ងៃពេញកាលពីថ្ងៃទី២២ ខែធ្នូ ដោយមានកីឡាករ-កីឡាការិនីជាង ៦០នាក់មកពី ៥ក្លឹប បានចូលរួមប្រកួតលើ ២វិញ្ញាសា។

ចំពោះលទ្ធផលវិញ្ញាសាឯកត្តជនដាវកាប់នារី មេដាយមាស បានទៅកីឡាការិនី សន និច មកពីក្លឹបសន្ធរម៉ុក, មេដាយប្រាក់ កីឡាការិនី យី លីហ្សា មកពីក្លឹបហូសាណា ខណៈមេដាយសំរឹទ្ធស្ទួន បានទៅកីឡាការិនី វ៉ាន់ វិត្រា មកពីក្លឹបអ៊ីត្រា និងកីឡាការិនី ឆាយ លីនលី មកពីក្លឹបសន្ធរម៉ុក។ រីឯវិញ្ញាសាឯកត្តជនដាវធំបុរស មេដាយមាស បានទៅកីឡាករ សារឿន ស័កនុ មកពីក្លឹបសន្ធរម៉ុក, មេដាយប្រាក់ កីឡាករ ជន ចំរ៉ុង មកពីក្លឹបហូសាណា ខណៈមេដាយសំរឹទ្ធស្ទួន បានទៅកីឡាករ សំ សិទ្ធិបញ្ញា មកពីក្លឹសន្ធរម៉ុក និងកីឡាករ មាស គីមឡេង មកពីក្លឹបហូសាណា។

ក្រោយចប់ការប្រកួតលោក តែ ឡូរិន ប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកីឡាករ-កីឡាការិនីចូលរួមប្រកួត ជើងឯកថ្នាក់ជាតិឆ្នាំនេះ ដែលមានការវិវត្តន៍ និងរីកចម្រើនជាងមុន ទាំងកំណើនអ្នកចូលរួម និងកម្រិតបច្ចេកទេសរបស់ កីឡាករ-កីឡាការិនីម្នាក់ៗ។ តាមរយៈភាពជោគជ័យនេះ លោកសង្ឃឹមថា ពួកគេនឹងក្លាយជាធនធានដ៏មានតម្លៃសម្រាប់កីឡាគុន ដាវនាថ្ងៃអនាគត ដើម្បីប្រកួតប្រជែងលើឆាកអន្ដរជាតិ និងដណ្ដើមមេដាយជូនជាតិ ពិសេសគឺការសម្រួចទិសដៅត្រៀមធ្វើម្ចាស់ ផ្ទះកីឡាស៊ីហ្គេមនាឆ្នាំ២០២៣។

លើសពីនេះ ក្នុងការប្រកួតរយៈពេល ១ថ្ងៃពេញ ក៏មានការចូលរួមពីលោក Bruno Gabby គ្រូបង្វឹកកីឡាគុនដាវជនជាតិបារាំង និងជាគ្រូកីឡាគុនដាវជម្រើសជាតិម៉ាឡេស៊ី បានមកចែករំលែកនូវចំណេះដឹង និងបច្ចេកទេសមួយចំនួន ជុំវិញការគ្រប់គ្រង និងការប្រើប្រាស់កម្មវិធីប្រកួតដល់មន្ដ្រីរបស់សហព័ន្ធ ដែលធ្វើឲ្យមន្ដ្រីរបស់ខ្លួន កាន់តែមានសមត្ថភាព និងជាសញ្ញាវិជ្ជមានមួយ ក្នុងការផ្សាភ្ជាប់ទំនងទំនងល្អជាមួយស្ថាប័នអន្ដរជាតិ ដើម្បីជំរុញការអភិវឌ្ឍន៍កីឡាគុនដាវកម្ពុជាឲ្យកាន់តែរីកចម្រើនទៀតផង។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ប្រធានសហព័ន្ធខាងលើ៕