(ភ្នំពេញ)៖ យោងតាមការបញ្ជាក់របស់ក្រុមការងារក្លឹបបាល់ទាត់ភ្នំពេញក្រោន បានឱ្យដឹងថា នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ លោក ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន បានចូលជួបពិភាក្សាជាមួយមន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ពាក់ព័ន្ធលើករណីកីឡាករ ៥នាក់ ដែលទើបតែបានប្តូរទៅកាន់ក្លឹបបាល់ទាត់វិសាខាកាលពីពេលថ្មីៗនេះ ដោយរំពឹងថា បញ្ហានេះនឹងអាចទទួលបានដំណោះស្រាយសមស្របនាពេលឆាប់ៗ។

ភ្នំពេញក្រោន ធ្លាប់បានប្រកាសយ៉ាងម៉ឹងម៉ាត់ថា «ក្លឹបនឹងមិនចេញលិខិតអនុញ្ញាតសម្រាប់កីឡាករណាម្នាក់ ដែលស្ថិតក្នុងគម្រោងនៃការបណ្តុះបណ្តាលថ្នាលរបស់ក្រោនទៅកាន់ក្លឹបដទៃ ដោយមិនមានតម្លៃសំណងអភិវឌ្ឍន៍នោះឡើយ ហើយប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយដោយសមស្របទេ ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងបញ្ឈប់សកម្មភាពអភិវឌ្ឍបាល់ទាត់ថ្នាលទាំងអស់ ហើយនឹងប្រកាសដកខ្លួនចេញពីការប្រកួតលីគកំពូលកម្ពុជាថែមទៀតផង»

ជំហរនេះ គឺដើម្បីការពារបេសកកម្មអភិវឌ្ឍន៍បាល់ទាត់ថ្នាល និងជំរុញឱ្យក្លឹបបាល់ទាត់ផ្សេងទៀតអនុវត្តន៍ការបណ្តុះបណ្តាលថ្នាលបន្ថែមទៀត ដើម្បីធានាឱ្យមានការប្រកួតប្រជែងក្នុងលីគកាន់តែខ្លាំងក្លានាពេលអនាគត ព្រមទាំងជាការរួមចំណែកកសាង និងពង្រឹងធនធានកីឡាករកម្ពុជាថែមទៀតផង៕