(សុខភាព)៖ រាងកាយប៉ះពាល់ទៅនឹងបរិយាកាសរៀងរាល់ថ្ងៃ ហើយវីតាមីនទាំងអស់ដែលអ្នកទទួលបានពីការទទួលទាន​អាហារនិងផ្លែឈើជួយពង្រឹងប្រព័ន្ធភាពស៊ាំឲ្យកាន់តែរឹងមាំ ប្រយុទ្ធប្រឆាំងមេរោគអស់ទាំងនោះ។ ផ្លែឈើជួយរាងកាយទប់ទល់នឹងមេរោគដែលអ្នកបានប៉ះពាល់ ជាពិសេសកំឡុងពេលរដូវរងារ។

យោងតាមការសិក្សាស្រាវជ្រាវមួយបង្ហាញថា វីតាមីនដែលមានផ្ទុកនៅក្នុងផ្លែឈើរក្សាកម្រិតខ្ពស់នៃភាពស៊ាំ ដូច្នេះរាងកាយនឹងទទួលបានឥទ្ធិពលខ្លាំងក្លាប្រយុទ្ធប្រឆាំងរោគឆ្លងទូទៅដូចជា ជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយ។ អ្វីដែលពិសេសទៀតនោះ គឺការទទួលទានផ្លែឈើជាប្រចាំ ក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក និងជំងឺបេះដូងផងដែរ។

១. ផ្លែប៉ោម៖ ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម។ ហើយផ្លែប៉ោមមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលប្រសើរបំផុតជួយព្យាបាលជំងឺផ្ដាសាយ។ លើសពីនេះទៅទៀត ផ្លែឈើនេះក៏មានផ្ទុកនូវសារធាតុ flavonoids ដែលអាចជួយទប់ស្កាត់ជំងឺមហារីក និងជំងឺបេះដូងបានគួរឲ្យកត់សម្គាល់។

២. ផ្លែចេក៖ ជាផ្លែឈើដែលមានផ្ទុកសម្បូរទៅដោយវីតាមីន B6 ជួយរាងកាយទប់ទល់នឹងរោគឆ្លង ក៏ដូចជាកាត់បន្ថយអាការៈនៃជំងឺធ្លាក់ទឹកចិត្ត, អស់កម្លាំង, ជំងឺគេងមិនលក់ និងបញ្ហានៃភាពតានតឹងក្នុងអារម្មណ៍ផងដែរ។ ចេក ក៏មានផ្ទុកនូវជាតិប៉ូតាស្យូម រួមទាំងម៉ាញ៉េស្យូមខ្ពស់ដែលជួយទប់ស្កាត់បញ្ហានៃសម្ពាធឈាមឡើងខ្ពស់, ជំងឺបេះដូង និងរក្សាសុខភាពឆ្អឹងរឹងមាំ។

៣. ក្រូចថ្លុង៖ ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលប្រសើរបំផុតជួយព្យាបាលជំងឺផ្ដាសាយតាមរយៈ ឥទ្ធិពលប្រយុទ្ធប្រឆាំងជាមួយរោគឆ្លង និងសារធាតុុម្យ៉ាងហៅថា limonoids ដែលអាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ។ ក្រូចថ្លុងក៏មានផ្ទុកសារធាតុ lycopene ដែលជួយប្រយុទ្ធប្រឆាំងជំងឺមហារីកផងដែរ។

៤. ផ្លែគីវី៖ ផ្លែឈើនេះ ក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន C ផងដែរ។ ដូច្នេះការទទួលទានផ្លែគីវីអាចជួយរាងកាយប្រយុទ្ធប្រឆាំងនឹងជំងឺផ្ដាសាយ និងពង្រឹងប្រព័ន្ធភាពស៊ាំឲ្យកាន់តែប្រសើរឡើង។

៥. ផ្លែល្ហុង៖ មានផ្ទុកនូវវីតាមីន C កម្រិតខ្ពស់ដែលជួយទប់ស្កាត់ ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងជំងឺផ្ដាសាយយ៉ាងប្រសើរ។ ហើយវីតាមីន C, វីតាមីន E និងសារធាតុ beta-carotene ដែលមានវត្តមាននៅក្នុងផ្លែល្ហុងជួយកាត់បន្ថយការរលាកពេញទាំងក្នុងរាងកាយ ដូច្នេះវាក៏ជួយកាត់បន្ថយហានិភ័យ រួមទាំងអាការៈនៃជំងឺហឺតផងដែរ៕