(ភ្នំពេញ)៖ កីឡាករជនជាតិប្រេស៊ីល Maycon បានបញ្ចប់ការរួមរស់ជាមួយអតីតក្រុមជើងឯកលីគកំពូលកម្ពុជា ៣សម័យកាល បឹងកេតអែហ្វស៊ី ក្រោយចំណាយពេល ២រដូវកាល និងរួមចំណែកលើកពានកំពូលនៅឆ្នាំ២០១៧។

ការផ្លាស់ប្ដូរទម្រង់លេងថ្មីក្នុងក្រុម បូករួមវ័យកាន់តែជ្រេផងនោះ ជាហេតុផលបឹងកេត មិនអាចបន្តកិច្ចសន្យាថ្មីដល់ខ្សែប្រយុទ្ធ Maycon ដែលបានចាកចេញទៅចូលរួមជាមួយក្លឹប Shan United នៅក្របខណ្ឌកំពូលមីយ៉ាន់ម៉ា។

លោក បែ មករា បានបញ្ជាក់ថា ហេតុផលទី១ ដោយសារយើងប្ដូរទម្រង់លេងថ្មីនៅរដូវកាលខាងមុខ អ៊ីចឹងការលេងរបស់គាត់ មិនតាមអ្វីដែលយើងគ្រោង ទើបយើងផ្លាស់ប្ដូរកីឡាករបរទេសមួយចំនួនដែរ ម្យ៉ាងទៀតវ័យរបស់គាត់ច្រើនហើយ ដែលធ្វើឲ្យកម្លាំងគាត់ក៏ស្រុតចុះផងនោះ។

សូមបញ្ជាក់ថា អតីតអ្នកចាត់ការភ្នំពេញក្រោនដដែលបង្ហើបថា ក្លឹបនឹងប្រកាសសមាសភាពកីឡាករបរទេសថ្មីអំឡុងខែមករា ឆ្នាំ២០១៩ ខណៈបច្ចុប្បន្នក៏បានដៅរួចរាល់មួយចំនួនហើយដែរ៕