(ភ្នំពេញ)៖ លោក មាស ចាន់ណា គ្រូបង្គោលក្លឹបណាហ្គាវើលបានប្រាប់ CNCC ថា នៅរដូវកាលថ្មីឆ្នាំ២០១៩ ខាងមុខ ក្រុមរបស់លោកនឹងប្រើកីឡាករបរទេសតែ ៤នាក់ប៉ុណ្ណោះ ព្រោះមិនចង់ចំណាយច្រើន និងអាចផ្ដល់ឱកាសដល់កូនក្រុមវ័យក្មេងបានបញ្ចេញសមត្ថភាពផងដែរ។

លោក ចាន់ណា បានពន្យល់ថា «យើងមិនចង់យកកីឡាករប្រាក់ខែ ១៥០០ដុល្លារមកអង្គុយមើលនៅខាងលើទេ។ ចឹងយើងមិនចង់ចំណាយច្រើន។ បើកីឡាករបរទេសគាត់ឈឺ យើងប្រើខ្មែរ ឲ្យគាត់បានលេងផង។ តែកីឡាករបរទេសដែលយើងយកមក ត្រូវតែខ្លាំងលើខ្មែរយើងហើយ។ ជាក់ស្ដែងដូចតំបន់ការពារ តើមាននរណាលើ Anderson។ ទាំងបាល់លើ ទាំងចែកបាល់ គឺ Anderson ល្អជាងគេ»

មួយវិញទៀត បើតាមគោលការណ៍ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ក្លឹបនីមួយៗនៅក្របខណ្ឌលីគកំពូល អាចចុះឈ្មោះកីឡាករក្រៅស្រុកច្រើនបំផុត ៥រូប ហើយអាចលេងលើទីលានបាន៤នាក់។ ដូច្នេះហើយបានជាក្រុមជើងឯក លីគកំពូលកម្ពុជា ឆ្នាំ២០១៨ ចង់ចំណាយប្រាក់ខែត្រឹមបរទេស ៤នាក់ប៉ុណ្ណោះ។

សូមបញ្ជាក់ថា ណាហ្គាវើល ដែលនឹងប្រើកីឡាករយុវជនភាគច្រើននៅរដូវកាលថ្មី ក៏ត្រូវមានភារកិច្ចប្រកួតពានរង្វាន់ AFC Cup 2019 ចាប់ពីខែកុម្ភៈតទៅ។ គ្រូបង្គោលកាន់ A-License ដដែលបន្ថែមថា កីឡាករបរទេសផ្សេងទៀត ដែលនៅជាមួយក្រុមរដូវកាលមុន លើកលែងតែ Anderson គឺស្ថិតក្នុងការពិចារណាជាមួយជម្រើសថ្មីផ្សេងទៀតនៅ ឡើយ៕