(ភ្នំពេញ)៖ សហព័ន្ធកីឡាគុនដាវកម្ពុជា នឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨ នាថ្ងៃទី២២ ខែធ្នូចុងសប្ដាហ៍នេះហើយ នៅកីឡដ្ឋានសាកលវិទ្យាល័យវេស្ទើន។

លោក សុខ អាង អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ គឺមានកីឡាករ-កីឡាការិនីជាង ៥០នាក់មកពី ៥ក្លឹបចូលរួម មានក្លឹបហូសាណា, ក្លឹបអ៊ីសា, ក្លឹបវេស្ទើន, ក្លឹបសន្ធរម៉ុក និងក្លឹបនរា មកពីខេត្តសៀមរាប។

សហព័ន្ធបានត្រៀមវិញ្ញាសាប្រកួតចំនួន២ សម្រាប់ដាក់ជូនកីឡាករ-កីឡាការិនីធ្វើការប្រកួតប្រជែង រួមមានវិញ្ញាសាបុរសឯកជនដាវធំ និងវិញ្ញាសានារីឯកត្តជនដាវកាប់។ តាមគម្រោងការប្រកួតនេះ គ្រោងរៀបចំរយៈពេល ១ថ្ងៃប៉ុណ្ណោះ នៅថ្ងៃទី២២ ខែធ្នូ ដែលទទួលបានការឧបត្ថម្ភគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា៕