(ភ្នំពេញ)៖ បើតាមការបញ្ជាក់របស់មន្ដ្រីអគ្គនាយកដ្ឋានកីឡា នៅថ្ងៃទី២១ ខែធ្នូស្អែកនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធីប្រគល់ប្រាក់រង្វាន់ លើកទឹកចិត្តដល់អត្តពលិកកីឡា ៥ប្រភេទ ដែលដណ្ដើមបាន មេដាយជយលាភី ក្នុងព្រឹត្តិការណ៍អន្ដរជាតិ ដោយមានទឹកប្រាក់សរុបចំនួន ៤៧៣,៥០០,០០០រៀល។

កម្មវិធីប្រគល់ប្រាក់រង្វាន់ព្រឹកស្អែកនេះ នឹងធ្វើឡើងក្រោមវត្តមានលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅមជ្ឃមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃពហុកីឡដ្ឋានជាតិ ដើម្បីលើកទឹកចិត្ត និងផ្ដល់អនុសាសន៍មួយចំនួន ដើម្បីជំរុញកីឡាករ-កីឡាការិនី បន្ដការខិតខំបន្ថែមទៀត ក្នុងការត្រៀមប្រកួតប្រជែង និងបន្ដដណ្ដើមមេដាយលើឆាកអន្ដរជាតិជូនប្រទេសកម្ពុជាជាបន្ដបន្ទាប់។

ចំពោះប្រភេទកីឡា ដែលក្រសួងអប់រំត្រៀមផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត រួមមាន ទី១-កីឡាគុនដាវ៖ ប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី១ នៅប្រទេសម៉ាឡេស៊ី មានប្រាក់រង្វាន់សរុប ២១,០០០,០០០រៀល។ ទី២-កីឡាការ៉ាតេដូ៖ ប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៧ នៅវៀតណាម មានប្រាក់រង្វាន់សរុប ៤៩,៦០០,០០រៀល។ ទី៣-កីឡាសូហ្វតិន្នីស៖ ប្រកួតជ្រើសរើសជើងឯក នៅហ្វីលីពីន មានប្រាក់រង្វាន់សរុប ១៤៨,៩០០,០០០រៀល។

ដោយឡែក ទី៤-កីឡាទោចក្រយាន៖ ប្រកួតជ្រើសរើសជើងឯកអាស៊ី នៅមីយ៉ាន់ម៉ា មានប្រាក់រង្វាន់សរុប ៤៥,០០០,០០០រៀល និង ទី៥-កីឡាប៉េតង់៖ ប្រកួតជ្រើសរើសជើងឯកអាស៊ី លើកទី១ នៅប្រទេសថៃ មានប្រាក់រង្វាន់សរុប ២០៩,០០០,០០០រៀល។ សម្រាប់ប្រាក់រង្វាន់លើកទឹកចិត្តទាំងនេះ សុទ្ធតែមានចែក អនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដើម្បីចំណាយថវិកាជាតិទៅតាមគោលការណ៍ ស្របតាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការជំរុញវិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើន៕