(ឌូបៃ)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Gareth Bale រកបាន ៣គ្រាប់ម្នាក់ឯង (ហែតទ្រីក) ពេលក្រុមការពារតំណែងជើង Real Madrid បំបាក់ក្រុមជើងខ្លាំងជប៉ុន Kashima Antlers យប់មិញនេះ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FIFA World Cup 2018។

ការប្រកួតដែលបានធ្វើឡើងនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនារាត្រីថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ខណៈកីឡាករជនជាតិវ៉េល Bale រកបាន ៣គ្រាប់ផ្ទួននៅនាទីទី៤៤ ៥៣ និងនាទីទី៥៥ មុនពេលកីឡាករជនជាតិ ជប៉ុន Shuma Doi រកបានតែ១គ្រាប់ឲ្យ Antlers នៅនាទីទី៧៨។

Bale គឺជាកីឡាករទី៣ ដែលធ្វើបាន Hat-trick ក្នុងព្រឹត្តិការណ៍ FIFA World Cup ជាប្រវត្តិសាស្រ្ត បន្ទាប់ពីកីឡាករ Cristiano Ronaldo និង Luis Suarez។

ក្រុមម្ចាស់ជើងឯក UEFA Champions League ប្រចាំទ្វីបអឺរ៉ុប Real Madrid របស់អេស្ប៉ាញ នឹងត្រូវប៉ះក្រុមរបស់ ម្ចាស់ផ្ទះអារ៉ាប់រួម Al Ain នៅវគ្គផ្តាច់ព្រ័ត្រ ដែលជាក្រុមបានទម្លាក់ម្ចាស់ជើងឯក Copa Libertadores របស់អាហ្សង់ទីន River Plate ដោយបាល់ប៉េណាល់ទីកាត់សេចក្តី៕