(ភ្នំពេញ)៖ ជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់ទស្សនិកជន ខណៈដែល តារាចម្រៀង អ្នកនាងអ្នកនាង គង់ សុកញ្ញា ហៅ អេនជី បានបង្ហាញ ដ៏ដូចជាបង្ហើរសំនៀង សារជាថ្មី​ ក្នុងសិល្បៈ ក្រោយពីសំងំសាងគ្រួសារជាមួយនឹងស្វាមី ដែលត្រូវបានគេស្គាល់ថា ជាប្អូនប្រុសម្ចាស់ហាងលក់សម្លៀកបំពាក់ «រ៉ាយុទ្ធ» យ៉ាងមានក្ដីសុខ។ ក្នុងនោះផងដែរ ចំពោះការវិលត្រឡប់ មកប្រឡូកក្នុងសិល្បៈលើកនេះ អ្នកនាង អេនជី បាននាំយកបទថ្មី មួយបទ ដែលមានចំណងជើងថា «អូនរង់ចាំបង» ពិតជាពិរោះខ្លាំងណាស់ ហើយអ្វីដែលពិសេសនោះគឺ បទថ្មីនេះ គឺជាស្នាដៃនិពន្ធទំនុកច្រៀងផ្ទាល់របស់អ្នកនាង ថែមទៀតផង។

​ជាការពិត ថ្មី​ៗ​នេះ​ ​អេន​ជី​ ​បាន​ចេញ ​បទចម្រៀង​ថ្មី ​ដែល​មាន​ចំណងជើង​ថា​ ​«​អូន​រង់ចាំ​បង​» ​ពិតជាមានបង្កប់នូវអត្ថន័យ និងមានការបកស្រាយ ពិរោះមិនធម្មតា។​ ​ជាមួយនឹង​បទ​ថ្មី​របស់​ ​អេន​ជី​ ​ហាក់ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង ​ពី​សំ​ណាក់អ្នកគាំទ្រ ខណៈដែលបទនេះ គ្រាន់​តែ​ចេញ ​មិនទាន់​បាន​ប៉ុន្មាន​ផង​ ក៏​មានការ​ចូល​ស្តាប់ ​យ៉ាងច្រើនគួរ ឲ្យកត់សម្គាល់ ពីសំណាក់​មហាជន អ្នកគាំទ្រផងដែរ។​ ​

ដោយឡែក បើក្រឡេកទៅមើលជីវិតរស់នៅរបស់តារាស្រីរូប អ្នកនាង អេនជី ​ពេលនេះ​ ​កំពុង​រស់នៅ​ក្នុងគ្រួសារដ៏សុភមង្គល​ ជាមួយ​ស្វាមី​ក្នុង​ជីវភាព​ហ៊ឺហា ​និង​ ​ជំនួញ​ពេញដៃ​ ​ប៉ុន្តែ​យ៉ាងណា​រហូតមកដល់​ ពេលនេះ ​នាង​មិនទាន់​មានកូន​ប្រលែង​ លេងនៅឡើយ​ទេ។​

គួរបញ្ជាក់ផងដែរថា អ្នកនាង អេនជី ជាតារាចម្រៀងស្រី ល្បីឈ្មោះមួយដួង ដែលមានប្រជាប្រិយភាព និងមានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន តាមរយៈការបង្ហើរសំនៀង យ៉ាងស្រទន់ និងមានទឹកដម ។ យ៉ាងណាមិញ ចំពោះការវិលត្រឡប់ ចូលសិល្បៈវិញលើកនេះ ពីសំណាក់តារាចម្រៀងអ្នកនាង អេនជី ពិតជា ធ្វើអោយអ្នកគាំទ្រជាច្រើនរបស់អ្នកនាង សប្បាយចិត្តយ៉ាងខ្លាំង៕