(ភ្នំពេញ)៖ ក្រោយពីតារា​កំប្លែង​ជើងចាស់ ដែលធ្លាប់នាំសំណើចជូនទស្សនិកជន សើចសប្បាយរីករាយ នាយ​ក្តឹប បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ​រហូតដៃជើងខាងឆ្វេងរបស់លោក លែងកំរើកបាន ដែលហៅថា ស្លាប់មួយចំហៀងខ្លួន ដោយសារជំងឺលើសឈាមធ្ងន់ធ្ងរ កាល​ពី​កំឡុងខែ​វិច្ឆិកាកន្លង​ទៅ បើគិតមកដល់​បច្ចុប្បន្ន ​សុខភាពរបស់លោកហាក់​គ្រាន់​បើ​ និងធូរស្រាលបន្តិច​ហើយ ប៉ុន្តែរាងកាយ​របស់លោកមាន​សភាព​ទ្រុឌទ្រោម​ជា​ខ្លាំង ពោលគឺផ្លាស់ប្ដូរពី​​មាន​សាច់​ទ្រលុក​ទ្រលន់ មក​ជា​ស្គម​ស្គាំង​ដូចមនុស្សឈឺរាប់ឆ្នាំ។

ជាមួយគ្នានេះផងដែរ បើ​តាម​គណនី​ហ្វេសប៊ុកដែលមានឈ្មោះថា « San Sok Panha » បានរៀប​រាប់​ភ្ជាប់ក្នុង​វីដេអូ ពេល​ទៅដល់គេហដ្ឋានតារាកំប្លែងរូបនេះ​ ទាំងស្លុត​ចិត្តថា «ពិតជា​លឿន​​មែនទែន មិនគួរឲ្យជឿថា ​រូបរាង​របស់នាយក្តិប​ ប្រែប្រួលលឿន​ ដូចអ្នកជំងឺឈឺរាប់​ឆ្នាំចឹងទេ»។​ ជាមួយគ្នានេះ ម្ចាស់គណនីហ្វេសប៊ុក ដដែល ក៏បានធ្វើការ​សាក​សួរខ្លះៗ​ជាមួយ នាយក្តឹប និង​ភរិយា ថា ពេល​នេះ​តារា​កំប្លែង​ខាង​លើ​អាច​អង្គុយ និង​និយាយ​បាន​ខ្លះៗ​ហើយ។

យ៉ាងណាមិញ ​ខណៈបានឃើញនូវសភាព​ទ្រុឌទ្រោមខ្លាំង ​កើតចំពោះតារាកំប្លែង​នាយក្តិបដូចនេះ ​បណ្តាអ្នកលេងបណ្ដាញសង្គមក៏បានចូលរួមជូនពរ ឲ្យលោកឆាប់ជាពីជំងឺឆាប់ៗផងដែរ។

គួរបញ្ជាក់ថា តារាកំប្លែងនាយក្ដឹប បានធ្លាប់ខ្លួនឈឺធ្ងន់ធ្ងរ ខណៈដែលខ្លួនប្រាណរបស់លោក មិនអាចកម្រើកបានមួយចំហៀង កាលពីមួយរយៈកន្លងទៅ យ៉ាងណាមិញ បច្ចុប្បន្ន នាយក្ដឹបត្រូវបានគេដឹងថា លោកមានសភាពធូរស្រាលបន្តិចហើយ ក្រោយពីបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ កាល់ម៉ែត្រ និង​ប្រទេស​វៀតណាម ប៉ុន្តែរាងកាយលោក ហាក់មានសភាពស្គមរីងរៃ ប្លែកពីមុនខ្លាំង៕