(ភ្នំពេញ)៖ តារាចម្រៀងសំនៀងមានទឹកដម អ្នកនាង ទូច ស្រីល័ក្ខ ថ្មីៗនេះបានបង្ហោះសារមួយចំនួន លើបណ្តាញសង្គម ធ្វើឱ្យមិត្តរួមអាជីព និងអ្នកគាំទ្រ មានការចាប់អារម្មណ៍ជាខ្លាំង ដោយមានបង្កប់ខ្លឹមសារ ថាឱ្យចំៗដល់ផលិតករមួយចំនួន គ្មានទំនួលខុសត្រូវ។ តែយ៉ាងណា តារាស្រីកូនមួយរូបនេះ មិនបានបង្ហើបឱ្យដឹងនោះទេ ថាជាផលិតកររូបណា ខណៈសារបង្ហោះនេះ ត្រូវបានអ្នកគាំទ្រនាងថា ប្រៀបបាននឹងការប្រមានតែប៉ុណ្ណោះ។

ជាក់ស្តែង សម្រាប់សាររបស់ ទូច ស្រីល័ក្ខ បានសរសេរយ៉ាងដូច្នេះថា «គេអត់និយាយយូរៗខ្លាំងៗទៅ ប្រយ័ត្នខ្ញុំទ្រាំលែងបាន កុំឱ្យខ្ញុំបាត់ភាពអត់ធ្មត់ឱ្យសោះ ម្តងទៀតរៀននិយាយ រៀនទទួលខ្លះផង ក្នុងនាមជាអ្នកផលិត មានសួរគេថា គេបានបាត់បង់អីខ្លះទេ? ដោយសារលោកឯង មិនមានភាពទទួលខុសត្រូវ មានគិតខ្លះទេថា លោកឯងធ្វើការរាល់ថ្ងៃ គឺដើម្បីអ្វីអត់?»

ជាការកត់សម្គាល់ តាមរយៈសារខាងលើនេះ គេឃើញមានអ្នកសិល្បៈជាច្រើន ចូលរួមបញ្ចេញមតិយោបល់ ដោយក្នុងនោះ មានដូចជា អ្នកនាង ចន ច័ន្ទលក្ខណា និង សូដា នីតា ជាដើម។ ក្នុងនោះ សូដា នីតា បាន Comment ថា «បងយល់ពីអារម្មណ៍អូន បងធ្លាប់ជួប ដល់ថ្នាក់ឈប់ថតឱ្យ ហើយបងចោលលុយ ១ពាន់ទៀតផង ព្រោះចាត់ទុកថា លុយហ្នឹងទុកចូលបុណ្យអ្នកផលិតម្នាក់ម៉ង»។ ខណៈស្រីល័ក្ខ បានតបវិញថា «ប្អូនមិនអាចអធ្យាយស្រ័យបានទេបង ព្រោះប្អូនទទួលការងារពីគេដែរ អ៊ីចឹងមិនអាចលេងសើចបានទេបង ប្អូនអរគុណបងដែលបានផ្តល់ជាកំលាំងចិត្ត»

ទោះបីជាយ៉ាងនេះក្តី គេមិនទាន់ដឹងនៅឡើយទេ ថាតារាចម្រៀង ទូច ស្រីល័ក្ខ មានបំណងថាឱ្យផលិតកររូបណានោះ ខណៈសារខាងលើនេះ គ្រាន់តែជាការប្រមានពីសំណាក់ស្រីល័ក្ខ ទៅផលិតកររូបនោះ ដោយប្រយោលតែប៉ុណ្ណោះ៕