(ណៃពីដោរ)៖ ក្រុមអត្តពលិកកម្ពុជា បានបញ្ចប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ី 19th ASEAN University Games លើកទី១៩ ឆ្នាំ២០១៨ នៅទីក្រុង Naypyidaw ប្រទេសមីយ៉ាន់ម៉ាហើយ ដោយឈរនៅចំណាត់ថ្នាក់លេខ៨ ក្នុងចំណោម១១ប្រទេស ក្រោយដណ្ដើមបានមេដាយសរុប ២៧គ្រឿង (វិញ្ញាសា) រួមមានមេដាយមាស៥ ប្រាក់១០ និងសំរឹទ្ធ១២។

សម្រាប់បេសកកម្មនេះ កម្ពុជាបានបញ្ជូនកីឡាត្រឹម ៦ប្រភេទប៉ុណ្ណោះទៅចូលរួមចាប់ពីថ្ងៃទី១០-១៩ ខែធ្នូនេះ ក្នុងនោះមានកីឡា ៤ប្រភេទ ដណ្ដើមបានមេដាយជូនជាតិ រួមមានកីឡាវ៉ូវីណាម ឈ្នះមេដាយមាស៤ ប្រាក់៥ និងសំរិទ្ធ៨។ កីឡាប៉េតង់ ឈ្នះមេដាយមាស១ ប្រាក់៤ និងសំរិទ្ធ១។ កីឡាវាយកូនឃ្លីលើតុ ឈ្នះមេដាយប្រាក់១ និងកីឡាការ៉ាតេដូ ឈ្នះមេដាយសំរិទ្ធ៣។ រីឯកីឡាមិនទទួលបានមេដាយ គឺកីឡាអត្តពលកម្ម និងកីឡាហែលទឹក។

ដោយឡែកអត្តពលិកដណ្ដើមបានមេដាយច្រើនជាងគេ ក្នុងព្រឹត្តិការណ៍ប្រចាំតំបន់នេះ គឺថៃ ដោយពួកគេដណ្ដើមបានមេដាយសរុប ១៥២គ្រឿងបណ្ដោះអាសន្ន រួមមានមេដាយមាស៦២ ប្រាក់៥២ និងសំរឹទ្ធ៣៨ ឥណ្ឌូនេស៊ី ឈរលេខ២ ដណ្ដើមបានមេដាយសរុប ១១៣គ្រឿង មានមេដាយមាស៤៤ ប្រាក់៣៩ និងសំរឹទ្ធ៤៩ បន្ទាប់មកម៉ាឡេស៊ីឈរលេខ៣ ដណ្ដើមបានមេដាយមាស៣៧ ប្រាក់៤៣ និងសំរឹទ្ធ៤៩ ស្របពេលម្ចាស់ផ្ទះមីយ៉ាន់ម៉ា ឈរលេខ៤ ឈ្នះមេដាយមាស ២៤ ប្រាក់២៦ និងសំរឹទ្ធ២៩។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះ គឺស្រដៀងនឹងការប្រកួតកីឡាស៊ីហ្គេមដែរ គ្រាន់តែការប្រកួតផ្ដោតតែកីឡាករ-កីឡាការិនីក្របខណ្ឌនិស្សិតសុទ្ធសាធ។ ចំពោះអត្តពលិកចូលរួម តែមិនទទួលបានមេដាយ គឺមានតែ ១ប្រទេសប៉ុណ្ណោះ គឺប្រ៊ុយណេ ខណៈប្រទេសឈរក្រោមកម្ពុជា ២ប្រទេសទៀត គឺមានទីម័រខាងកើត ដណ្ដើមបានត្រឹមមេដាយមាស ២គ្រឿង និងហ្វីលីពីន ដណ្ដើមបានត្រឹមមេដាយមាស ១គ្រឿង។ ចំពោះពិធីបិទការប្រកួត គ្រោងនឹងធ្វើនាល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ៕