(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ Manchester City បានឡើងទៅឈរនៅមុខនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ លំដាប់ទី៣ អង់គ្លេស League Cup ក្រោយយកឈ្នះក្រុមកញ្ជ្រោងខៀវ Leicester City ដោយបាល់ប៉េណាល់ទី ១១ម៉ែត្រកាត់សេចក្តី ៣-១ បន្ទាប់ពីប្រកួតពេញម៉ោងស្មើគ្នា ១-១ នៅកីឡដ្ឋាន King’s Power នាយប់មិញនេះ។

កីឡាករប៊ែលហ្ស៊ិក Kevin De Bruyne ជាអ្នករកបានគ្រាប់ទី១ ឲ្យមេឃខៀវនៅនាទីទី១៤ បន្ទាប់ពីជាសះស្បើយពីរបួស ដ៏ធ្ងន់ធ្ងររបស់គេ មុនពេលកីឡាករ Albrighton រកបានគ្រាប់តាមស្មើវិញនៅនាទីទី៧៣ រហូតដល់ចប់ការប្រកួត ពេញម៉ោងត្រឹម ៩០នាទី ដោយពុំមានថែម ១៥នាទី ២ដងឡើយ។

ដោយសម្រេចជាលទ្ធផល ក្រុមរបស់លោក Pep Guardiola ទាត់ចូលបាន ៣គ្រាប់ ខណៈកីឡាករ Leicester City ទាត់ចូលតែ ១គ្រាប់ប៉ុណ្ណោះ ស្របពេល Burton Albion ក៏បានឡើងទៅវគ្គបន្តដូចគ្នា ក្រោយយកឈ្នះម្ចាស់ផ្ទះ Middlesbrough ១-០ ក្នុងវគ្គ ៨ក្រុមចុងក្រោយ។

២ប្រកួតទៀតនឹងធ្វើឡើងនារាត្រីនេះដើម្បីបញ្ចប់វគ្គ ១/៤ ដោយមាន Arsenal ប៉ះ Tottenham Hotspur និងតោខៀវ Chelsea ស្វាគមន៍ AFC Bournemouth នាម៉ោង ២៖៤៥នាទីរំលងអាធ្រាត្រដូចគ្នា៕