(ភ្នំពេញ)៖ កីឡាករវ័យក្មេង ជា ចាន់ដារ៉ា ត្រូវបានគ្រូបង្គោលភ្នំពេញក្រោន លោក Leonardo Vitorino ផ្លាស់ពីតួនាទីពីខ្សែការពារ ទៅកាន់តំណែងប្រយុទ្ធវិញចាប់ពីរដូវកាលក្រោយតទៅ ដ្បិតយល់ថា រូបគេមានបច្ចេកទេសទាត់ទីបានល្អ។

ចាន់ដារ៉ា បានចូលរួមជាមួយក្រុមថ្នាលយុវជនភ្នំពេញក្រោន នៅឆ្នាំ២០១៤ និងបានបញ្ចូលក្នុងក្រុមធំក្នុងរដូវកាលឆ្នាំ២០១៧។ ក្រោយជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំ លេងពានរង្វាន់ AFF U19 Championship 2016។

កីឡាករវ័យ១៩ឆ្នាំរូបនេះបានរៀបរាប់ថា «គ្រូបង្វឹកឃើញខ្ញុំទាត់ទីបានល្អ ហើយមាឌធំទៀត។ គាត់ឲ្យខ្ញុំលេង ព្រោះថា ស្រុកខ្មែរអត់មាននរណាលេងតំបន់ហ្នឹង។ គាត់ដាក់សាក ហើយឃើញលេងបាន ក៏ដាក់លេងតែម្ដងទៅ»

យុវជនភ្នែកតូចដូចកូនចិនខាងលើបានបន្តថា គ្រូបង្វឹកជនជាតិប្រេស៊ីលក៏មើលឃើញពីកាយសម្បទាដ៏ល្អរបស់គេផងដែរ ទើបសម្រេចចិត្តផ្លាស់ប្ដូរនាទីបែបនេះ ហើយថាក្លឹបរបស់គេក៏ខ្វះខ្សែប្រយុទ្ធដូចគ្នា។

សូមបញ្ជាក់ថា អតីតខ្សែការពារមានប្រភពពីខេត្តបាត់ដំបងអះអាងសប្បាយចិត្ត ចំពោះការផ្ដល់ឱកាសពីគ្រូបង្វឹក និងថា តាំងចិត្តធ្វើឲ្យបានល្អនៅរដូវកាលថ្មីខាងមុខនេះ៕