(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងថា ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ «ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា» លើកទី២ ឆ្នាំ២០១៩ គ្រោងនឹងធ្វើនាពាក់កណ្ដាលខែមករាខាងមុខ ជាមួយនឹងការរៀបចំទ្រង់ទ្រាយធំជាងមុន ដោយអនុញ្ញាតឲ្យគ្រប់មន្ទីររាជធានី-ខេត្តចុះឈ្មោះចូលរួម។

សេចក្ដីជូនដំណឹងបានអំពាវនាវដល់អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន និងមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្តទាំង ២៥ ដែលមានក្រុមបាល់ទាត់ និងមានបំណងចង់ចូលរួមប្រកួតពានរង្វាន់មន្ដ្រីនេះ រួសរាន់ចុះឈ្មោះ ខណៈការទទួលពាក្យនឹងបញ្ចប់ត្រឹមល្ងាចថ្ងៃទី៣០ ខែធ្នូខាងមុខ។ លក្ខខណ្ឌចូលរួម កីឡាករទាំងអស់ ត្រូវតែជាមន្ដ្រីពេញសិទ្ធិរបស់អង្គភាពនីមួយៗ សូម្បីមន្ដ្រីជាប់កិច្ចសន្យា ក៏មិនត្រូវបានអនុញ្ញាតដែរ។

ចំពោះគោលបំណងសំខាន់នៃពាននេះ គឺដើម្បីលើកកម្ពស់សុខមាលភាព ទាំងផ្លូវកាយ បញ្ញា ស្មារតី សីលធម៌ មិត្តភាព សាមគ្គីភាព និងលើកកម្ពស់ប្រសិទ្ធិភាពការងារបានល្អប្រសើរ ដល់អង្គភាពនានា ដែលស្ថិតក្រោមឱវាទរបស់ក្រសួងអប់រំ យុវជន និងកីឡា។ បន្ថែមលើសពីនេះ ក៏ជាសារមួយ ដើម្បីដាស់តឿនយុវជនឲ្យចូលរួមលេងកីឡា ក្រោយទំនេរពីការសិក្សា ចៀសវាងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ និងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជាផងដែរ។

គួរបញ្ជាក់ថា នេះគឺជាលើកទី២ ហើយ ដែលក្រសួងអប់រំ ផ្ដួចផ្ដើមរៀបចំពាននេះឡើង តែឆ្នាំមុន ក្រុមមានសិទ្ធិចូលរួមត្រឹម ៧ក្រុមប៉ុណ្ណោះ ដែលជាក្រុមន្ដ្រីអគ្គនាយកដ្ឋាន និងអគ្គាធិការដ្ឋាន មិនមានការបើកទូលាយឲ្យក្រុមន្ទីរគ្រប់រាជធានី-ខេត្តចូលរួមបែបនេះឡើយ។ ដោយឡែកចំពោះរូបមន្ដប្រកួត ក៏ដូចជាទីលានត្រូវប្រកួត មិនទាន់ត្រូវបានគណៈកម្មការរៀបចំការប្រកួតកំណត់នោះទេ៕