(អាមេរិក)៖ ខណៈដែលរឿងក្តីលែងលះ និងសិទ្ធិគ្រប់គ្រងកូននៅមិនទាន់ដាច់ស្រេចផងនោះ Star បានបង្ហើបឲ្យដឹងថា Angelina Jolie កំពុងមានទំនាក់ទំនងស្នេហាយ៉ាងអាថ៌កំបាំងជាមួយ Jared Leto ដែលធ្លាប់សម្តែងជាមួយគ្នាក្នុងរឿង Girl, Interrupted and Alexander ។

ទស្សនាវដ្តីនេះបញ្ជាក់ថា Jared បានទាក់ទងទៅ Angie កាលពីប៉ុន្មានសប្តាហ៍មុន ពីខ្សែភាពយន្តដែលខ្លួនកំពុងធ្វើ និងលោកចង់ឲ្យនាងសម្តែង ហើយអ្នកទាំងពីរចាប់ផ្តើមចំណាយពេលជាមួយគ្នា ពីមិត្តភក្តិរហូតប្រែជាមនោសញ្ចេតនាស្នេហា។ ប្រភពដែលអះអាងនោះឲ្យដឹងថា Jared បានគាំទ្រនាងយ៉ាងខ្លាំងហើយ ដោយសារតែបុរសម្នាក់នេះទើប Angelina មិនខូចចិត្តទៀតទេដោយនាងសង្ឃឹមថា រឿងលែងលះនិងបញ្ហាកូនៗជិត បានបញ្ចប់ហើយនាងនិង Jared អាចនឹងបើកចំហស្នេហ៍ថ្មីនេះ។ ប៉ុន្តែងាកទៅ Gossip Cop វិញបែរជាយល់ថាការចុះ ផ្សាយរបស់ Star មិនពិតទេ។

Angelina មិនចាប់អារម្មណ៍នឹងការណាត់ជួបឡើយ ព្រោះនាងគ្រាន់តែផ្តោតសំខាន់លើរឿងកូនទាំង ៦នាក់ទេ ប្រហែលជាទស្សនាវដ្តីនេះ​ចង់ទាក់ទាញការចាប់អារម្មណ៍ពីមហាជនប៉ុណ្ណោះ៕