(មេនឆេស្ទើ)៖ អ្នកចាត់ការទូទៅ Jose Mourinho ត្រូវបានក្លឹបបិសាចក្រហម Manchester United បណ្តេញចេញពីតំណែង ក្រោយដឹកនាំក្លឹបនៅទីក្រុង Manchester នៃចក្រភពអង់គ្លេសមួយនេះ បានរយៈពេល ២ឆ្នាំកន្លះ។

តាមរយៈសារព័ត៌មាន BBC ក៏បានដកស្រង់សេចក្តីថ្លែងការណ៍របស់ក្លឹប Man Utd បានឲ្យដឹងនៅថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះថា «ក្លឹបសូមថ្លែងអំណរគុណចំពោះលោក Jose Mourinho ចំពោះកិច្ចខិតខំប្រឹងប្រែងនាពេល កន្លងមក និងជូនពរគាត់ទទួលបានជោគជ័យក្នុងការដឹកនាំក្លឹបថ្មីផងដែរ»

ក្នុងការចំណាយពេល ២ឆ្នាំកន្លះនៅកីឡដ្ឋាន Old Trafford បុរសសញ្ជាតិព័រទុយហ្គាល់ វ័យ៥៥ឆ្នាំ Mourinho បានដឹកនាំ Man Utd ឈ្នះពាន២ផងដែររួមមាន ពានរង្វាន់លំដាប់ទី៣ អង់គ្លេស League Cup និងពានរង្វាន់លំដាប់ទី២ អឺរ៉ុប UEFA Europa League ខណៈអតីតក្រុមជើងខ្លាំងមួយនេះបានកំពុងតែស្ថិតនៅលេខ រៀងទី៦បណ្តោះអាសន្ន ក្នុង Premier League រដូវកាលឆ្នាំ២០១៨-២០១៩ ដោយចាញ់ក្រុមកំពូលតារាង Liverpool រហូតដល់ទៅ ១៩ពិន្ទុ និងទើបតែចាញ់ក្រុមនេះ ៣-១ ផងដែរកាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុន៕